(តេហេរ៉ង់)៖ អ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះភាពផ្ទុយគ្នារវាងសេចក្តីថ្លែងការណ៍ និងអាកប្បកិរិយាចំពោះមជ្ឈិមបូព៌ា ដោយនិយាយថា ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ការបង្កើតសន្តិភាពគឺស្ថិតក្នុងចំណោមគោលបំណងនៃដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់នោះ គោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោនបង្ហាញពីអ្វីផ្សេងទៀតផ្ទុយពីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់លោក Biden អំពីដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់តំបន់នេះ។

លោក Biden បាន អះអាង ថា ក្នុង ចំណោម គោល បំណង របស់ លោក សម្រាប់ ដំណើរ ទស្សនកិច្ច នេះ គឺ «រួម ចំណែក ដល់ ការ បង្កើត សន្តិភាព ក្នុង តំបន់»

លោក Al-Kanaani បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលមន្ត្រីសហរដ្ឋអាមេរិកគិតខុសថា ពួកគេអាចបិទបាំងការបំផ្លិចបំផ្លាញរបស់ពួកគេនៅក្នុងតំបន់ តាមរយៈការសរសេរអត្ថបទបែបនេះ។

លោកបានសង្កត់ធ្ងន់ថា បើក្រឡេកមើលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកបង្ហាញពីភាពផ្ទុយគ្នារវាងសកម្មភាព និងពាក្យសម្តីរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា វត្តមានរបស់កងទ័ពអាមេរិកនៅក្នុងបណ្តាប្រទេសក្នុងតំបន់ រួមទាំងអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី គឺជារឿងខុសច្បាប់ និងបានធ្វើឱ្យមានការខាតបង់ជាច្រើនដល់ប្រជាជនរបស់ពួកគេ៕