(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដែលបានរត់ភៀសខ្លួនទៅកាន់ ប្រទេសម៉ាល់ឌីវកាលពីព្រឹកថ្ងៃពុធនេះ បានទូរស័ព្ទមកប្រាប់ប្រធានសភាស្រីលង្កាថា រូបលោកនឹងផ្ញើលិខិតលាលែងពីតំណែង មកដល់ដៃលោកប្រធានសភា នៅក្នុងថ្ងៃពុធនេះតាមពាក្យសន្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
ប្រធានសភាស្រីលង្កា លោក ម៉ាហ៉ីនដា យ៉ាប៉ា អាបេវ៉ាដេណា (Manhinda Yapa Abeywardena) បាននិយាយដូច្នេះថា «លោកប្រធានាធិបតីបានទាក់ទងមកខ្ញុំតាមទូរស័ព្ទ ហើយប្រាប់ថារូបលោកនឹងធានាថា លិខិតលាលែងពីតំណែងរបស់លោក នឹងមកដល់ដៃខ្ញុំ នៅក្នុងថ្ងៃនេះ»។ លោក អាបេវ៉ាដេណា បានបន្តថា «ខ្ញុំសូមទទូចឱ្យសាធារណជន មានភាពជឿជាក់ចំពោះ ដំណើរការនៃអំណាចនីតិបញ្ញត្តិ ដែលយើងបានកំណត់ ដើម្បីតែងតាំងប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែកក្កដា ហើយសូមទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់»។
គួរបញ្ជាក់ថា ក្រោយពីមានដំណឹងអំពីការរត់គេចខ្លួនទៅក្រៅប្រទេស របស់លោក រ៉ាចាប៉ាក់សា បាតុកម្មបានផ្ទុះឡើងខ្លាំងសាជាថ្មី នៅក្នុងរដ្ឋធានីកូឡុំបូនាថ្ងៃពុធនេះ ដោយការិយាល័យរបស់នាយករដ្ឋមន្រ្តីលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ថែមទាំងត្រូវក្រុមបាតុករចូលកាន់កាប់ទៀតផង បន្ទាប់ពីកងកម្លាំងសន្តិសុខទប់ទល់មិនឈ្នះ។ យ៉ាងណាក្តី លោក វីគ្រីមេស៉ីងហ្កេ មិនមានវត្តមាននៅទីនោះទេ ដោយរូបលោកបានស្ថិតក្រោមការលាក់ខ្លួន ប៉ុន្មានថ្ងៃមកហើយ ចាប់តាំងតែពីគេហដ្ឋានរបស់លោក ត្រូវបានក្រុមបាតុករដុតបំផ្លាញ កាលពីចុងសប្តាហ៍មុន។
ឆ្លើយតបចំពោះភាពវឹកវរខាងលើ លោក វីគ្រីមេស៉ីងហ្កេ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយបានចេញបញ្ជាឱ្យយោធា ស្តារសណ្តាប់ធ្នាប់ឡើងវិញ ខណៈរូបលោកត្រូវបានតែងតាំង ជាប្រធានាធិបតីស្តីទី ដោយសារតែលោក វីគ្រីមេស៉ីងហ្កេ ស្ថិតនៅក្រៅប្រទេស៕