(ប៉េកាំង)៖ នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៨ ក្នុងដំណើរចុះត្រួតពិនិ្យការងារនៅខេត្តបី ភាគឦសានប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានមកដល់បឹង Chagan នៃក្រុង Songyuan ខេត្ត Jilin។ បឹង Chagan ជាបឹងទឹកសាបមួយក្នុងចំណោម បឹងទឹកសាបធំទាំង១០ របស់ប្រទេសចិន មានទេសភាពស្រស់ស្អាតទាំងបួនរដូវ ជាពិសេសវិធីផលិតនិងទំនៀមទម្លាប់ប្រពៃណី នៃវិស័យនេសាទនៅរដូវរងាបានបន្តវេន ជាងមួយពាន់ឆ្នាំមកហើយ។

ល្ងាចថ្ងៃនោះ លោកប្រធានរដ្ឋ Xi Jinping បានជិះទូកពិនិត្យមើលបរិស្ថានអេកូឡូស៊ីនៃបឹង Chagan។ នៅមិនសូវឆ្ងាយ បុគ្គលិកកសិដ្ឋាននេសាទរាប់សិបនាក់ កំពុងអូសសំណាញ់ចាប់ត្រី សំឡេងទឹកនិងត្រែបន្លឺឡើងមិនដាច់។ លោកប្រធានរដ្ឋ Xi បានសួរយ៉ាងយកចិត្តទុកដាក់ថា ថ្ងៃនេះបានផលប៉ុន្មាន? ជលផលលក់ដាច់ទេ? បានចំណូលល្អទេ?
«ពេលក្រឡេកមើលឃើញខ្ញុំឈរក្នុងទឹកបឹងឱបត្រី លោកប្រធានរដ្ឋសួរខ្ញុំដោយយកចិត្តទុកដាក់ថា តើត្រជាក់ឬអត់ តើបានស្លៀកពាក់គ្រប់គ្រាន់ទេ?» លោក Hu Haifei បុគ្គលិកកសិដ្ឋាននេសាទបានរំលឹកថា «លោកប្រធានរដ្ឋបានផ្តែផ្តាំខ្ញុំថា ទឹកត្រជាក់ត្រូវស្លៀកពាក់ឱ្យបានច្រើន ញ៉ាំទាន់ពេល ហើយញ៉ាំអាហារក្តៅ បើញ៉ាំបាយត្រជាក់នឹងឈឺក្រពះ ធ្វើឱ្យខ្ញុំមានភាពកក់ក្តៅក្នុងចិត្ត»

លោក Qiao Guoliang អ្នកនេសាទអាយុ ៣៨ឆ្នាំ ពេលនោះក៏កំពុងធ្វើការក្នុងបឹងដែរ។ ពេលនិយាយដល់ទិដ្ឋភាពកាលនោះ លោកនៅតែរំភើបចិត្តយ៉ាងខ្លាំង «លោកប្រធានរដ្ឋជូនពរពួកយើង ប្រមូលផលត្រីច្រើនជារៀងរាល់ឆ្នាំ»។ លោក Zhang Wen អ្នកបន្តវេនជំនាន់ទី២០ នៃវិស័យនេសាទបឹង Chagan បាននិយាយថា ពាក្យជូនពររបស់លោកប្រធានរដ្ឋ Xi ក៏ជាការផ្តែផ្តាំផងដែរ។ ឥឡូវមនសិការការពារបរិស្ថានរបស់អ្នកនេសាទ បានកើនឡើង ពេលចាប់ត្រីក្នុងរដូវរងា គ្រាន់តែចាប់ត្រីធំៗ មិនចាប់កូនត្រី។ក្នុងដំណើរត្រួតពិនិត្យ លោកប្រធានរដ្ឋ Xi Jinping បានគូសបញ្ជាក់ថា ការការពារអេកូឡូស៊ី និងការអភិវឌ្ឍវិស័យទេសចរណ៍នៃបឹង Chagan បំពេញបន្ថែមគ្នា ត្រូវប្រកាន់ខ្ជាប់ជានិច្ច។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាពរស់នៅរបស់អ្នកនេសាទនៅបឹង Chagan បានមានភាពប្រសើរឡើងយ៉ាងលឿនរហ័ស។ ដោយសារការប្តូរដីស្រែចម្ការទៅជាព្រៃឈើនិងដីសើមវិញ គុណភាពទឹកបឹងកាន់តែល្អប្រសើរ ហើយភ្នំក៏មានពណ៌បៃតង។ កាលពី ១០ឆ្នាំមុន អ្នកនេសាទម្នាក់ៗរកបានតែជាង ២,០០០យ័នក្នុងមួយខែប៉ុណ្ណោះ។ ឥឡូវនេះបានស្នាក់នៅក្នុងអគារទំនើប មិនបារម្ភពីការហូបចុក និងស្លៀកពាក់ទេ។ អ្នកនេសាទចាប់បង្គានៅរដូវក្តៅ និងចាប់ត្រីក្នុងរដូវរងា ជាមួយគ្នានេះដែរបានធ្វើ សេវាទេសចរណ៍អេកូឡូស៊ីផងដែរ អ្នកនេសាទម្នាក់ៗអាចរកចំណូលបានជាង ១សែនយ័នក្នុងមួយឆ្នាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន