(កាប៊ុល)៖ ក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលតាលីបង់ បានបញ្ជាក់ថា ក្មេងស្រីទាំងអស់នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ចូលរៀន នៅតាមវិទ្យាល័យវិញ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
សារព័ត៌មានអង់គ្លេស Sky News បានឱ្យដឹងថា ដំណឹងខាងលើ គឺជាការបញ្ជាក់ពីសំណាក់ ក្រុមមន្រ្តីជាន់ខ្ពស់តាលីបង់ មកកាន់បណ្តាញព័ត៌មានខ្លួនផ្ទាល់ ខណៈសេចក្តីប្រកាសជាផ្លូវការ នឹងត្រូវធ្វើឡើងដោយក្រសួងអប់រំរបស់តាលីបង់ នៅថ្ងៃព្រហស្បតិ៍ស្អែក។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១ ក្រុមតាលីបង់ បានសម្រេចហាមឃាត់មិនឱ្យក្មេងស្រី ចូលរៀននៅសាលាកម្រិតវិទ្យាល័យឡើយ តាមរយៈការបញ្ជាឱ្យបើកសាលាឡើងវិញ សម្រាប់តែក្មេងប្រុសប៉ុណ្ណោះ បន្ទាប់ពីខ្លួនបានឡើងគ្រប់គ្រងអំណាច នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីពាក់កណ្តាលខែសីហា ឆ្នាំដដែល៕