(រ៉ូម)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ដុលឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) នៅថ្ងៃពុធនេះ បានប្រកាសច្រានចោលនូវការលើកឡើងរបស់ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលថា អ៉ីរ៉ង់យល់ព្រមលក់ឧបករណ៍យោធា រួមទាំងយន្តហោះដ្រូន ទៅឱ្យរុស្ស៊ី ដោយធានាថាទីក្រុងតេហេរ៉ង់ ចៀសវាងរាល់ជំហានណាមួយ ដែលអាចបណ្តាលឱ្យជម្លោះកើនឡើងក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍ជាមួយកាសែតអ៉ីតាលី ឡា ផាប់ប្លីកា (La Repubblica) លោក អាប់ដុលឡាហ៉ីយ៉ាន បានគូសបញ្ជាក់ថា «យើងមានទម្រង់ជាច្រើននៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី រួមទាំងវិស័យការពារជាតិ ប៉ុន្តែយើងមិនបានជួយភាគីណាមួយ ក្នុងជម្លោះនៅអ៊ុយក្រែនឡើយ ព្រោះយើងប្រាកថាជម្លោះនឹងតែត្រូវបញ្ចប់»។ លោករដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានបន្ថែមថា «ខ្ញុំគិតថាបញ្ហាគឺនៅត្រង់ចំណុចផ្សេងទៀត, ប្រទេសលោកខាងលិចមួយចំនួន រួមទាំងសហរដ្ឋអាមេរិក កំពុងព្យាយាមផលិត និងលក់អាវុធរបស់ពួកគេ។ យើងកំពុងព្យាយាមចៀសវាងសកម្មភាពណាមួយ ដែលនាំឲ្យជម្លោះកើនឡើង ហើយយើងកំពុងធ្វើការ ដើម្បីបញ្ចប់ជម្លោះនេះផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ស៊ូលីវ៉ាន់ បានអះអាងថា អ៉ីរ៉ង់គ្រោងនឹងប្រគល់យន្តហោះដ្រូនរាប់រយគ្រឿង ដល់រុស្ស៉ី រួមទាំងយន្តហោះ ដែលមានសមត្ថភាពដឹកជញ្ជូនអាវុធផងដែរ។ លើសពីនេះទៅទៀត អ៉ីរ៉ង់ក៏មានផែនការ បណ្តុះបណ្តាលកងកម្លាំងរុស្ស៊ី ឱ្យចេះប្រើប្រាស់យន្តហោះដ្រូនទាំងនោះ ដោយដំណាក់កាលដំបូងនៃការហ្វឹកហ្វឺនចាប់ផ្តើម នៅដើមខែកក្កដា។ ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងណាមួយ សម្រាប់ការអះអាងរបស់លោកនោះទេ៕