(កូឡុំបូ)៖ ទីបំផុតក្រុមបាតុករបានចូលកាន់កាប់ ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា នៅថ្ងៃពុធនេះ បន្ទាប់ពីការប្រឈមមុខគ្នាអស់ប៉ុន្មានម៉ោង ជាមួយកងកម្លាំងសន្តិសុខ ស្របពេលដែលសកម្មភាពតវ៉ា បានតានតឹងខ្លាំងជាថ្មី ក្នុងរដ្ឋធានីកូឡុំបូ ក្រោយប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានរត់គេចខ្លួនទៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) មិនមានវត្តមាននៅទីនោះឡើយ ដ្បិតរូបលោកបានស្ថិតក្រោមការលាក់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចាប់តាំងតែពីក្រុមបាតុករ បាននាំគ្នាដុតគេហដ្ឋានលោក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលពេលនោះ រូបលោកនិងក្រុមគ្រួសារ ក៏មិនស្ថិតនៅទីនោះដែរ។
ទោះស្ថិតក្រោមការលាក់ខ្លួនក្តី លោក វីគ្រីមេស៉ីងហ្កេ បានបន្តដាក់ចេញបទបញ្ជាមួយចំនួន តាមរយៈការិយាល័យរបស់លោក រួមមានការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបម្រាមគោចរ នៅថ្ងៃពុធនេះ ខណៈប្រជាជនរាប់ពាន់នាក់ បានចេញតវ៉ាខ្លាំងសាជាថ្មី នៅតាមដងផ្លូវ ក្រោយការស្ងប់ស្ងាត់បានប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីលោក រ៉ាចាប៉ាក់សា បានភៀសខ្លួនចេញពីប្រទេស តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលត្រូវលាលែងពីតំណែង តាមការសន្យានាថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ប្រជាជនស្រីលង្កាបានទាមទារ ឱ្យទាំងលោក វីគ្រីមេស៉ីងហ្កេ និង លោក រ៉ាចាប៉ាក់សា ត្រូវតែចុះចេញពីតំណែងដូចគ្នា។ តាមពិតទៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីក្រុមបាតុករបានចូលកាន់កាប់ វិមានលោកប្រធានាធិបតី និងដុតបំផ្លាញគេហដ្ឋានលោកនាយករដ្ឋមន្រ្តី លោក វីគ្រីមេស៉ីងហ្កេ បានអះអាងថា លោកស្ម័គ្រចិត្ត លាលែងពីតួនាទី ហើយលោក រ៉ាចាប៉ាក់សា ក៏បានយល់ព្រមដែរថា នឹងចុះចេញពីតំណែងដូចគ្នា នៅថ្ងៃពុធនេះ។ បើតាមសភាស្រីលង្កា ដោយសារតែលោក រ៉ាចាប៉ាក់សា ស្ថិតនៅក្រៅប្រទេសយ៉ាងដូច្នេះ លោក វីគ្រីមេស៉ីងហ្កេ ត្រូវបានតែងតាំងឱ្យធ្វើជា ប្រធានាធិបតីស្តីទី៕