(តែលអាវីវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ប្រទេសអ៉ីស្រាអែល នាថ្ងៃពុធនេះ ដែលជាការចាប់ផ្តើម នៃទស្សនកិច្ចដ៏សំខាន់មួយទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលគ្របដណ្តប់ដោយកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តអារ៉ាប់ បង្កើនការផលិតប្រេង ក៏ដូចជាជំរុញចំណងទាក់ទងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោកប្រធានាធិបតីអាមេរិក នឹងចំណាយពេល២ថ្ងៃ នៅទីក្រុងហ្សេរុយសាឡឹម ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល មុនពេលជួបជាមួយ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) នាថ្ងៃសុក្រសប្តាហ៍នេះ នៅតំបន់វែសប៊ែង (West Bank)។
បន្ទាប់មកទៀត លោក ចូ បៃដិន នឹងចេញដំណើរត្រង់ចេញពីអ៉ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុង ចេដា (Jeddah) របស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រដដែល សម្រាប់ការជួបពិភាក្សាជាមួយក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីត និងដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយ សម្ព័ន្ធមិត្តអារ៉ាប់នៃតំបន់ឈូងសមុទ្រពែក្ស។
គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអាមេរិក ដំណើរទស្សនកិច្ចខាងលើ ដែលជាទស្សនកិច្ចលើកដំបូងបំផុតរបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រធានាធិបតី អាចនឹងជួយត្រួសត្រាយផ្លូវបន្ថែម ដើម្បីឆ្ពោះទៅរកការស្តារទំនាក់ទំនងឱ្យប្រសើរឡើង រវាងអ៉ីស្រាអែលនិងអារ៉ាប៊ីសាអូឌីត ខណៈប្រទេសទាំងពីរជាគូបដិបក្ខនឹងគ្នា ប៉ុន្តែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក នៅមជ្ឈិមបូព៌ា។
ទន្ទឹមគ្នានេះ ដោយសារតែសម្ពាធនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ជុំវិញបញ្ហាកើនឡើងខ្ពស់នៃតម្លៃប្រេងសាំង ដែលបានធ្វើឱ្យលោក ធ្លាក់ចុះប្រជាប្រិយភាពក្នុងការស្ទង់មតិនោះ គឺលោក បៃដិន ក៏ត្រូវគេរំពឹងផងដែរថា នឹងព្យាយាមជំរុញឱ្យសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន បង្កើនការផលិតប្រេង ដើម្បីជួយធ្វើឱ្យតម្លៃប្រេងសាំងថយចុះមកវិញ៕