(វ៉ាស៉ីនតោន)៖ សមាជិកសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាជាអ្នកញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ឲ្យធ្វើការវាយប្រហារវិមានកាពីតូល (Capitol)កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោកបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំំ២០២២។
គណៈកម្មាធិការសភាអាមេរិក ដែលមានសមាជិក ៧រូបមកពីគណបក្សប្រជាធិបតេយ្យ និង២រូបមកពីគណបក្សសាធារណរដ្ឋ បានបញ្ចេញភស្តុតាងដែលបញ្ជាក់ថាមន្ត្រី ជំនិតមួយចំនួនរបស់លោក ត្រាំ និងក្រុមអ្នកចាំបង្កជម្លោះនៅខាងក្រៅ បានដឹងជាមុនថាលោក ដូណាល់ ត្រាំ នឹងជំរុញឱ្យអ្នកគាំទ្ររូបលោករាប់ពាន់នាក់សម្រុកចូល វាយប្រហារលើវិមានកាពីតូល ដែលបណ្ដោលឱ្យមនុស្ស ៥នាក់ស្លាប់ នៅពេលនោះ។ គណៈកម្មាធិការនេះដដែល ក៏បានអះអាងដែរថាការប្រឹងប្រែងរបស់លោក ត្រាំ ដើម្បី រារាំងការប្រកាសជ័យជម្នះរបស់លោក បៃដិនគឺជាទង្វើខុសច្បាប់ ហើយមិនតែប៉ុណ្ណោះអតីតប្រធានាធិបតីអាមេរិករូបនេះមិនបានយកចិត្តទុកដាក់ចំពោះការទទូចរបស់មន្រ្តី សេតវិមានដើម្បីឱ្យលោកទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។
គួរបញ្ជាក់ថា ការចោទប្រកាន់ខាងលើរបស់គណៈកម្មាធិការសភាអាមេរិកដែលទទួលបន្ទុកស៊ើបអង្កេត ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហើបពីចេតនាចង់ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ លោក ត្រាំ ផ្ទាល់ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយថាលោកចាញ់ដោយសារតែ ការលួចបន្លំសន្លឹកឆ្នោត៕