(កង់បេរ៉ា)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅមិនទាន់មានសញ្ញាថាបញ្ចប់នៅពេលណានោះទេ ហើយ «ហ្គេមបញ្ចប់» របស់លោកប្រធានាធិបតី ពូទីន នៅក្នុងសង្រ្គាមនេះក៏គ្មាននរណាម្នាក់ដឹងឱ្យប្រាកដនោះដែរ។ ប៉ុន្តែ អ្វីដែលអ្នកជំនាញភាគច្រើនមើលឃើញ នោះគឺថាសង្រ្គាម សព្វថ្ងៃ បានបញ្ជូនសារមួយឃ្លាយ៉ាងច្បាស់ថា «ប្រសិនបើអ្នកមានអាវុធនុយក្លេអ៊ែរ គ្មាននរណាហ៊ានរករឿងអ្នកឡើយ»។
ប៉ុន្មានថ្ងៃ បន្ទាប់ពីការចេញបញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន លោក ពូទីន បានបង្គាប់ឱ្យកងកម្លាំងនុយក្លេអ៊ែររបស់លោកស្ថិតនៅក្នុងលក្ខណៈ ប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ហើយបទបញ្ជានេះទៀតសោត ត្រូវបានគេមើលឃើញថាជាសារព្រមានដែលបុរសខ្លាំងក្រឹមឡាំងរូបនេះ ចង់ប្រាប់ទៅបណ្ដាប្រទេសលោកខាងលិចថា «កុំធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន» ឱ្យសោះ។
ការព្រមាននេះពិតជាដំណើរការពិតមែន ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទោះបីជាបានផ្ដល់អាវុធដូចទឹកបាក់ទំនប់ឱ្យអ៊ុយក្រែនក៏ពិតមែន តែលោក បានបញ្ជាក់ម្ដងហើយម្ដងទៀតថាការបញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ គឺជាអាទិភាពចម្បងមួយនៃរដ្ឋបាលរបស់លោក ជាមួយការសន្យាថា នឹងមិនបញ្ជូនកងទ័ពអាមេរិកឱ្យទៅជួយអ៊ុយក្រែន ហើយក៏បានច្រានចោលសំណើរបស់លោក ហ្សេលេនស្គី ដែលស្នើឱ្យមានការបង្កើតតំបន់គ្មានការហោះហើរ (no-fly zone) នៅអ៊ុយក្រែនផងដែរ។
ជាការពិតណាស់ គោលនយោបាយបែបនេះជារឿងល្អសម្រាប់ពិភពលោកទាំងមូល តែវាជារឿងអកុសលមួយសម្រាប់អ៊ុយក្រែន ហើយវាក៏កំពុងបង្ហាញដែរពី ការបាត់បង់ទំនុកចិត្តបន្តិចម្ដងៗលើ «ឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក» ជាពិសេសនៅក្នុងចំណោមប្រទេសដែលត្រូវការឆត្រនេះជាចាំបាច់ដូចជា កូរ៉េខាងត្បូង និងជប៉ុន។ នៅក្នុងរបាយការណ៍សិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០២០ ដោយមជ្ឈមណ្ឌសម្រាប់សន្តិសុខអាមេរិកថ្មី (Center for a New American Security) បានឱ្យដឹងថាឆត្រនុយក្លេអ៊ែរអាមេរិកបានថយចុះឥទ្ធិពល នៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ តែសំខាន់នៅត្រង់ថាសង្រ្គាមនេះ វាកាន់តែធ្វើឱ្យប្រទេសដែល ពឹងផ្អែកលើខ្លាំងលើសហរដ្ឋអាមេរិកនាំគ្នាចោទថាខ្លួនឯងថា «តើពួកគេគួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរឬទេ»?
ក្នុងឆ្នាំ១៩៩៤ ក្រោយសង្រ្គាមត្រជាក់បិទបញ្ចប់ អ៊ុយក្រែនដែលធ្លាប់ជាមហាអំណាចនុយក្លេអ៊ែរទី៣ នៅលើពិភពលោកបន្ទាប់ពីសូវៀត និងសហរដ្ឋអាមេរិក នៅពេលនោះ បានសម្រេចចិត្តប្រគល់អាវុធនយក្លេអ៊ែរឱ្យសូវៀតវិញ ដើម្បីជាថ្នូរនឹងពាក្យសន្យាមិនឈ្លានពានពីសូវៀត និងការធានាសន្តិសុខពីអាមេរិក និងចក្រភព អង់គ្លេស។ តែនៅទីបំផុតទៅ អ៊ុយក្រែននៅតែត្រូវបានរុស្ស៉ីដែលជាអតីតបងធំ ក្នុងសហភាពសូវៀតឈ្លានពានដដែល ហើយមេរៀននេះអ្នកដែលរៀនឆាប់ចេះ ជាងគេ គ្មាននរណាផ្សេងក្រៅពីកូរ៉េខាងជើងនោះទេ។ ជាក់ស្ដែង មួយរយៈពេលខ្លី ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់ លោកពង្រឹងសមត្ថភាពនុយក្លេអ៊ែរឱ្យកាន់តែខ្លាំង និងចេញបញ្ជាឱ្យធ្វើតេស្ដមីស៊ីលផ្លោងជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលផ្លោងអន្តរទ្វីបស៊េរីថ្មី។
ក៏ប៉ុន្តែ ប្រទេសមានអាវុធនុយក្លេអ៊ែរដែលគេតាមមើលមិនដាក់ភ្នែក នោះគឺចិនឯណោះទេ។ ចាប់តាំងពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង កាលពីឆ្នាំ១៩៦៤ មក ចិនបានអនុវត្តរបបនុយក្លេអ៊ែរ គឺត្រឹមតែមានអាវុធនុយក្លេអ៊ែរគ្រប់គ្រាន់ ទុកដើម្បីកំញើញ ឬទប់ស្កាត់ប្រឆាំងនឹងការវាយប្រហារនុយក្លេអ៊ែរណាមួយ តែប៉ុណ្ណោះ។ ចិនសព្វថ្ងៃ ត្រូវបានគេរាយការណ៍ថាមានក្បាលគ្រាប់នុយក្លេអ៊ែរ ៣៥០គ្រាប់ រីឯសហរដ្ឋអាមេរិកមាន ៥,៥៥០គ្រាប់ និងរុស្ស៉ីមានជាង ៦,០០០គ្រាប់។
តែខណៈកំពុងប្រជែងឥទ្ធិពលកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ចិនបានកែប្រែយុទ្ធសាស្ត្រនុយក្លេអ៊ែរ ជាមួយការប្រឹងប្រែងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ទ្វេដង។ កាលពីខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិ អាមេរិកផ្ទាល់បានវាយតម្លៃថាចិននឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយនឹងផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរ ជាង ១,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០ ហើយសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថានឹងជំរុញឱ្យចិនកាន់តែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដ្បិតមេរៀនមួយ ដែលទីក្រុងប៉េកាំងបានរៀន នោះគឺអាវុធនុយក្លេអ៊ែររបស់លោក ពូទីន បានកំញើញកុំឱ្យសហរដ្ឋអាមេរិកលូកដៃចូលជួយអ៊ុយក្រែន ដែលនេះទុកត្រៀមសេណារីយ៉ូ កោះតៃវ៉ាន់ នៅពេលអនាគត។
យ៉ាងណាក៏ដោយ ការបង្កើនឃ្លាំងនុយក្លេអ៊ែរមិនមែនបញ្ឈប់ត្រមចិនទេ ដោយប្រទេសក្នុងតំបន់អាស៊ីសំខាន់ៗមួយចំនួនក៏កំពុង ឬអាចនឹងធ្លាក់ចូលក្នុងការរត់ប្រណាំង អាវុធនុយក្លេអ៊ែរដែរ ដែលនឹងកាន់តែធ្វើឱ្យតំបន់អាស៊ីទាំងមូលលែងសូវមានសុវត្ថិភាព។ ពោលគឺ ប្រសិនបើចិនបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរទៅហើយនោះ សួរថាតើ ឥណ្ឌាដែលជាគូជម្លោះទឹកដី និងភូមិសាស្ត្រនយោបាយរបស់ចិន អាចនឹងនៅស្ងៀមដែរឬទេ? ហើយបើឥណ្ឌាមិននៅស្ងៀមផង ចុះប៉ាគីស្ថានដែលជារដ្ឋនុយកេ្លអ៊ែរ និងជាសត្រូវតជំនាន់របស់ឥណ្ឌា អាចនៅស្ងៀមបានដែរទេ?
ដូច្នេះបើបណ្ដាប្រទេសទាំងនេះនាំគ្នារត់ប្រណាំងអាវុធនុយក្លេអ៊ែរ វាអាចនឹងធ្វើឱ្យប្រទេសគ្មានអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ីបូព៌ា ដូចជាជប៉ុន និងកូរ៉េខាងត្បូង ស្ថិតនៅ ក្នុងហានិភ័យដ៏ស្មុគស្មាញ។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដានេះ ធ្លាប់បានអំពាវនាវឱ្យជប៉ុនពិចារណា អនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ។ បើទោះជានាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ គឺលោក គីស៊ីដា ហ្វូមីអុ បដិសេធគំនិតនេះ ក៏ដោយ តែគំនិតរបស់លោក អាបេ នៅតែបន្តត្រូវបានជជែកដេញដោលនៅក្នុងចំណោមអ្នកបង្កើតគោលនយោបាយជប៉ុន នៅក្នុងបរិបទដែលឥទ្ធិពលចិននៅអាស៊ី រីកកាន់តែធំ។ ម្យ៉ាងទៀត គំនិតចង់បានអាវុធនុយក្លេអ៊ែរនេះក៏ត្រូវបានគេលើកយកមកនិយាយយ៉ាងផុលផុសដែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីលោក យូន ស៊ុកយុល ដែលមាននយោបាយតឹងតែងចំពោះកូរ៉េខាងជើង ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងមក។
ទំាងនៅជប៉ុន និងកូរ៉េខាងត្បូង អាវុធនុយក្លេអ៊ែរគឺជាបញ្ហានយោបាយមួយដ៏ស្មុគស្មាញ។ តែប្រឈមមុខនឹងការកើនឡើងនៃគំនិតអភិរក្សនិយម និងការគំរាមកំហែងពី កូរ៉េខាងជើង ការកើនឡើងឥទ្ធិពលចិន គួបផ្សំនឹងការថយចុះឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ប្រទេសទាំង២ ប្រហែលជាពិបាកនឹងគេចផុតណាស់ ពីការចង់បានអាវុធនុយក្លេអ៊ែរ ឬអាវុធមានសមត្ថភាពប្រហាក់ប្រហែលដើម្បីការពារសន្តិសុខខ្លួនឯង។
ពិភពលោកបានពឹងផ្អែកជាយូរណាស់មកហើយលើគោលការណ៍ធានាឱ្យគ្នាទៅវិញទៅមក ក្នុងការរាំងកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។ តែសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថានឹងបំផ្លាញសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរសកល ដែលនេះនឹងបង្កឧបសគ្គដល់ការទប់ស្កាត់ការរីកសាយអាវុធ នុយក្លេអ៊ែរនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី៕