(ប្រ៊ុចសែល)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារសប្តាហ៍នេះបានអនុម័តជាផ្លូវការថា ក្រូអាតក្លាយជាសមាជិកប្រទេសចាយប្រាក់អឺរ៉ូទី២០ របស់ខ្លួននៅដើមឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
ក្រុមប្រឹក្សាអឺរ៉ុបដែលបង្កើតឡើង ដោយរដ្ឋាភិបាលសហភាពអឺរ៉ុបចំនួន២៧ប្រទេស បានអនុម័តលក្ខខណ្ឌច្បាប់ចំនួន០៣ ដើម្បីអនុញ្ញាតឱ្យក្រូអាតដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៣ ណែនាំប្រើប្រាស់ប្រាក់អឺរ៉ូនៅថ្ងៃទី០១ ខែមករា (ឆ្នាំ២០២៣)។
គណៈកម្មាការអឺរ៉ុបក៏បានសិក្សាមើលលើចំនុចស្រដៀងគ្នារបស់សេដ្ឋកិច្ចក្រូអាតជាមួយនឹងតំបន់ចាយប្រាក់អឺរ៉ូផ្សេងទៀតផងដែរ រួមទាំងតុល្យភាពនៃនិន្នាការនៃការទូទាត់ប្រាក់ ក៏ដូចជាបានផ្ទៀងផ្ទាត់ថា ច្បាប់របស់ក្រូអាតគឺត្រូវគ្នាជាមួយនឹងច្បាប់សហភាពអឺរ៉ុបដែលគ្រប់គ្រងដោយធនាគារកណ្តាលអឺរ៉ុប។
ប្រទេសក្រូអាតនៅអឺរ៉ុបភាគអាគ្នេយ៍ គឺជាប្រទេសឯករាជ្យតាំងពីឆ្នាំ១៩៩១ នៅពេលដែលប្រទេសនេះបានចាកចេញពីសហព័ន្ធយូហ្គោស្លាវី។ ប្រទេសជិតខាងស្លូវេនី ដែលជាអតីតសាធារណរដ្ឋយូហ្គោស្លាវី និងឥឡូវជាសមាជិកសហភាពអឺរ៉ុប បានអនុម័តប្រាក់អឺរ៉ូតាំងពីឆ្នាំ២០០៧៕