(តូក្យូ)៖ គ្រួសារសាច់ញាតិ និងមិត្តជិតស្និទ្ធបានចូលរួម ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ (Abe Shinzo) ដែលត្រូវបានរៀបចំឡើងនាថ្ងៃអង្គារនេះ នៅព្រះវិហារបុរាណមួយកន្លែងក្នុងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
ពិធីបុណ្យសពខាងលើ ត្រូវបានដឹកនាំដោយភរិយារបស់លោក អាបេ គឺលោកស្រី អាបេ អាគី (Abe Akie) នៅឯព្រះវិហារ ហ្សូចូជិ (Zojoji) ខណៈប្រជាជនជប៉ុនបាននាំគ្នាប្រមូលផ្តុំនៅខាងក្រៅ និងនៅតាមដងផ្លូវ ដើម្បីចូលរួមសម្តែងការគោរពរបស់ពួកគេ ជាលើកចុងក្រោយចំពោះ លោក អាបេ ដែលជានាយករដ្ឋមន្រ្តីជប៉ុន កាន់អំណាចបានយូរជាងគេបង្អស់ គឺពីឆ្នាំ២០០៦-២០០៧ និងពីឆ្នាំ២០១២-២០២០។
បន្ទាប់ពីពិធីបុណ្យសព្វខាងលើបញ្ចប់ទៅ សពរបស់លោក អាបេ ត្រូវបានជូនដំណើរតាមរថយន្ត ចេញពីព្រះវិហារ Zojoji ឆ្ពោះទៅកាន់កន្លែងបូជាសព ឃីរីហ្កាយ៉ា (Kirigaya) ដោយឆ្លងកាត់អគារសំខាន់ៗមួយចំនួន រួមមានការិយាល័យនាយករដ្ឋមន្រ្តី និងវិមានសភា ជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន អន្តរជាតិមានការភ្ញាក់ផ្អើល និងក្តីក្រៀមក្រំជាខ្លាំង នៅពេលដែលលោក អាបេ ស៉ីនហ្សូ ត្រូវបានជនសង្ស័យជាឃាតក ធ្វើសកម្មភាពបាញ់សម្លាប់ កំលុងការថ្លែងសុន្ទរកថាមួយរបស់លោក ដើម្បីគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅឯទីក្រុង ណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន។ ខ្មាន់កាំភ្លើង ដែលមានឈ្មោះថា យ៉ាម៉ាហ្កាមិ ថេតស៊ូយ៉ា (Yamagami Tetsuya) ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុផ្ទាល់ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅឡើយទេ៕