(កៀវ)៖ អនុប្រធានរដ្ឋបាលនៃមូលដ្ឋានយោធា-ស៊ីវិល លោកស្រី អ៉ីកាធឺរីណា ហ្គូបារ៉េវ៉ា (Ekaterina Gubareva) បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រជាជនជាង ១០,០០០នាក់ នៃតំបន់ ឃឺសុន (Kherson) បានទទួលលិខិតឆ្លងដែនរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គមតេឡេក្រាម លោកស្រី អ៉ីកាធឺរីណា បានសរសេរយ៉ាងខ្លីដូច្នេះថា «ប្រជាជនជាង ១០,០០០នាក់ នៃតំបន់ Kherson បានទទួលលិខិតឆ្លងដែនរួចហើយ។ លិខិតឆ្លងដែនរុស្ស៉ីដំបូងបានចេញ នៅក្នុងតំបន់ Kherson កាលពីថ្ងៃទី១១ ខែមិថុនា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ក្រោយពីការចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន និងកាន់កាប់បានទីក្រុង Kherson បច្ចុប្បន្ននេះ អាជ្ញាធររុស្ស៉ីបាន និងកំពុងធ្វើកាងារ ដើម្បីឲ្យពលរដ្ឋនៅទីនោះក្លាយជាពលរដ្ឋរុស្ស៉ីស្របច្បាប់ ខណៈអ៊ុយក្រែន បានថ្កោលទោសទង្វើនេះថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន៕