(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមានតែ២៦ភាគប៉ុណ្ណោះ ដែលចង់ឲ្យលោក ចូ បៃដិន ឈរឈ្មោះជា បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាពេលខាងមុខ ដែលគូសបញ្ជាក់ថាប្រជាប្រិយភាពរបស់លោក បៃដិន បានធ្លាក់ចុះជាខ្លាំង សូម្បីតែក្នុងចំណោម អ្នកគាំទ្ររូបលោក កាលពីឆ្នាំ២០២០។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
លោក ដេវីត កូហិន (David Cohen) សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ អាក្រុន (Akron) នៃរដ្ឋអូហាយ៉ូ (Ohio) សហរដ្ឋអាមេរិក យល់ថា «លទ្ធផលនេះជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់លោក បៃដិន»។ លោក កូហិន បានបន្ថែមថា ខណៈសេតវិមានកំពុងព្រួយបារម្ភយ៉ាងខ្លាំងមិនត្រឹមតែ ឱកាសនៃការជាប់ឆ្នោតឡើងវិញប៉ុណ្ណោះទេ វាគឺមានជាប់ពាក់ព័ន្ធនឹងការថយចុះប្រជាប្រិយភាពរបស់លោក បៃដិន នៅក្នុងចំណោមប្រជាជនអាមេរិកផងដែរ។
គួរបញ្ជាក់ថា ការស្ទង់មតិថ្មីខាងលើដែលចេញផ្សាយដោយកាសែតអាមេរិក New York Times បានធ្វើឡើង បន្ទាប់ពីបណ្តាញព័ត៌មានអាមេរិកមួយចំនួន បានរាយការណ៍ថាក្រុមមន្រ្តីមកពីគណបក្សប្រជាធិបតេយ្យមិនចង់ ឲ្យលោក បៃដិន ឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៤ទេ ខណៈមន្រ្តីសេតវិមានខ្លះ និយាយថា អាយុរបស់លោកប្រធានាធិបតី បៃដិនកំពុងក្លាយជា បញ្ហាសម្រាប់សេតវិមាន និងកំពុងប៉ះពាល់ដល់ទម្លាប់ការងារជាប្រចាំរបស់លោក៕