(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងថាអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿង ក្នុងនោះរួមមានទាំង យន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយមីស៊ីល ទៅឱ្យរុស្ស៉ីដើម្បីប្រើប្រាស់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
ផែនការបញ្ជូនយន្ដហោះដ្រូនខាងលើរបស់អ៉ីរ៉ង់ ទៅឱ្យរុស្ស៉ី ត្រូវបានប្រកាសដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មាន របស់យើងបានបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿងឱ្យរុស្ស៉ី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយ មីស៊ីល»។ លោកបន្ថែមទៀតថា អ៉ីរ៉ង់ក៏កំពុងត្រៀមបណ្ដុះបណ្ដាលរុស្ស៉ី ពីរបៀបប្រើយន្ដហោះដ្រូន និងអាវុធរបស់ខ្លួនផងដែរដែលអាចនឹងធ្វើឡើង ឆាប់ៗនេះ ឬអាចនៅក្នុងខែកក្កដានេះតែម្ដង។
គួរបញ្ជាក់ថា បើតាមលោក ជេក ស៊ូលីវ៉ាន់ ផែនការបញ្ជូនយន្ដហោះដ្រូនពីសំណាក់អ៉ីរ៉ង់ឱ្យរុស្ស៉ី អាចនឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការកំណត់ទីតាំង និងការកម្ទេចអាវុធ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច ដ្បិតអាវុធទាំងនេះកំពុងពន្យឺតការវាយលុករបស់រុស្ស៉ី។ ម្យ៉ាងវិញទៀត ការប្រកាសនេះទៀតសោត ធ្វើឡើងនៅមុនពេលលោកប្រធានាធិបតី ចូ បៃដិន ត្រូវបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាជាទីដែលលោកត្រូវបានគេ រំពឹងថានឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗពីគោលនយោបាយរួមមួយចំពោះអ៉ីរ៉ង់៕