(បែរឡាំង)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដានេះ ដោយនឹងឈប់សំចតមុនគេ នៅក្នុងប្រទេសអ៉ីស្រាអែល ដោយភ្ជាប់ជាមួយរបៀបវារៈសំខាន់ ក្នុងនោះរួមមានការស្វែងរកការគាំទ្រពីអារ៉ាប៊ីសាអូឌីតជុំវិញតម្លៃប្រេង, សង្រ្គាមនៅយ៉េមែន និងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ជាដើម។ ប៉ុន្តែ នៅមុនដំណើរទស្សនកិច្ចនេះកើតឡើង មានពាក្យចចាមអារ៉ាមមួយត្រូវបានគេនិយាយតពីមាត់ទៅមាត់មួយពាក់ព័ន្ធនឹងការបង្កើតបក្សសម្ព័ន្ធ យោធាថ្មីមួយសម្រាប់តំបន់មជ្ឈិមបូព៌ា ដែលមានទម្រង់ដូចជាណាតូ (NATO) ឬគេហៅថា «ណាតូអារ៉ាប់»។
កាលពីចុងខែមិថុនាកន្លងទៅ ព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡោះទី២ (Abdullah II) ត្រូវបានសារព័ត៌មានអាមេរិកធំៗដកស្រង់សម្ដីចុះផ្សាយនៅលើក្របទំព័រមុខរបស់ ពួកគេ នៅពេលដែលព្រះអង្គមានបន្ទូលថានឹងក្លាយជាមនុស្សដំបូងគេដែលគាំទ្រឱ្យបង្កើតបក្សសម្ព័ន្ធណាតូអារ៉ាប់នេះ។ ក្រោយមកទៀត ពាក្យចចាមអារ៉ាមនៅតែត្រូវបាន ចុះផ្សាយនៅលើបណ្ដាញសារព័ត៌មានធំៗសាជាថ្មី បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក ប៊េននី ហ្កាន់ (Benny Gantz) បានអះអាងថាអ៉ីស្រាអែលបានចូលរួមក្នុង បណ្ដាញក្រុមចម្រុះមួយដឹកនាំដោយសហរដ្ឋអាមេរិក ដែលលោកផ្ទាល់ហៅថា «សម្ព័ន្ធភាពការពារដែនអាកាសមជ្ឈិមបូព៌ា» (Middle East Air Defense Alliance) ឬហៅកាត់ថា MEAD។ លោក ហ្កាន់ មិនបានបញ្ជាក់អ្វីលម្អិតនោះទេថាតើមានប្រទេសអារ៉ាប់ណាខ្លះចូលក្នុងបក្សសម្ព័ន្ធនេះ?
ប៉ុន្តែ បើតាមកាសែត The Wall Street Journal មានកិច្ចប្រជុំសម្ងាត់មួយត្រូវបានរៀបចំឡើងក្នុងប្រទេសអេហ្ស៉ីប ដោយមានការចូលរួមពីក្រុមមន្ត្រីមកពីអ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត កាតា ហ្ស៊កដានី អេហ្ស៉ីប អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ហើយដែលក្រុមមន្ត្រីទាំងនេះបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យយោធា។ តាមពិតទៅ ពាក្យចចាមអារ៉ាមពីការបង្កើតណាតូអារ៉ាប់នេះ ក៏ធ្លាប់បានផ្ទុះឡើងផងដែរនៅក្រោមអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាអ្នកសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាព Abraham Accords រវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់មួយចំនួនដូចជា បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក កាលពីឆ្នាំ២០២០។
នៅពេលនោះ ទោះជាមិនមានអារ៉ាប៊ីសាអូឌីតចូលរួម តែក្រុមអ្នកជំនាញជឿជាក់ថាបើគ្មានការយល់ព្រមពីអារ៉ាប៊ីសាអូឌីត ប្រទេសអារ៉ាប់ទាំងនេះក៏មិនអាចចុះកិច្ចព្រមព្រៀង នេះជាមួយអ៉ីស្រាអែលនោះដែរ។ ការសម្រុះសម្រួលគ្នានេះត្រូវបានគេមើលឃើញថាវានឹងបើកផ្លូវឱ្យអ៉ីស្រាអែល អាចមានវត្តមានក្នុងសម្ព័ន្ធយោធាអារ៉ាប់ថ្មីមួយនៅអនាគត ហើយមួយវិញទៀត សព្វថ្ងៃប្រទេសអារ៉ាប់កាន់តែមើលឃើញថាការគំរាមកំហែងពីអ៉ីរ៉ង់កាន់តែរីកធំលំដាប់ ជាពិសេសនៅក្រោយសហរដ្ឋអាមេរិកទន្ទិញតែឈ្មោះចិន និងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងខួរក្បាល និងមានសេចក្ដីរាយការណ៍ថាអ៉ីរ៉ង់អាចនឹងផលិតបានអាវុធនុយក្លេអ៊ែរក្នុងពេលដ៏ខ្លី។ លោក អះម៉ាត់ អែល សៃយ៉ីត អះម៉ាត់ (Ahmed el-Sayed Ahmed) ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលអាល់ហារ៉មសម្រាប់នយោបាយ និងការសិក្សាយុទ្ធសាស្ត្រ (Al-Ahram Centre for Political and Strategic Studies) មានមូលដ្ឋាននៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប យល់ថាមានហេតុផលត្រឹមត្រូវល្អមួយចំនួនក្នុងការការបង្កើត «ណាតូអារ៉ាប់»។
លោកបន្ថែមថា សហរដ្ឋអាមេរិក ដែលជាអ្នកធានាសុវត្ថិភាពដ៏ចម្បងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានដកខ្លួនចេញពីតំបន់មជ្ឈិមបូព៌ា តាមរយៈការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ដែលនេះធ្វើឱ្យប្រទេសអារ៉ាប់ គិតថាការពឹងផ្អែករបស់ពួកគេលើលោកខាងលិច ឬសហរដ្ឋអាមេរិក លែងអាចធ្វើទៅបានហើយ ដោយពួកគេខ្លួនឯងត្រូវតែដោះស្រាយបញ្ហាក្នុង តំបន់ដោយខ្លួនឯង ដើម្បីសម្រេចបាននូវស្ថិរភាព និងការរីកចម្រើនសេដ្ឋកិច្ច ជាពិសេសនៅក្រោយយុគសម័យក្រោយកូវីដ និងនៅចំពោះមុខនៃអស្ថិរភាពដែលបង្កឡើងដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ បើតាមលោកអ្នកជំនាញរូបនេះដដែល អ៉ីស្រាអែលអាចនឹងមានវត្តមានក្នុងបក្សសម្ព័ន្ធយោធាណាមួយសម្រាប់តំបន់មជ្ឈិមបូព៌ា ដ្បិតទាំងអារ៉ាប់ និងអ៉ីស្រាអែលមានសត្រូវរួម នោះគឺអ៉ីរ៉ង់ ហើយតាមរយៈកិច្ចព្រមព្រៀង Abraham Accords វាអាចនឹងជួយឱ្យរដ្ឋជ្វីហ្វមួយនេះធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអារ៉ាប់ ដទៃក្នុងតំបន់ ត្រឡប់មករកភាពប្រក្រតី។
* តើបក្សសម្ព័ន្ធណាតូអារ៉ាប់អាចនឹងមានទម្រង់បែបណា?
បើតាមក្រុមអ្នកជំនាញ សម្ព័ន្ធភាពយោធាណាមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាជំហ៊ានដំបូងនឹងរួមបញ្ចូលប្រទេសអារ៉ាប់មួយចំនួនដែលមានទំនាក់ទំនងល្អជាមួយអ៉ីស្រាអែល តួយ៉ាងដូចជាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង Abraham Accords ដូចជា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក រួមទាំងហ្ស៊កដានី និងអេហ្ស៉ីបជាដើម។ ចំណែកឯ អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា និងគុយវ៉ែត ក៏អាចនឹងដើរតួនាទីសំខាន់នៅក្នុងបក្សសម្ព័ន្ធយោធានោះដែរ ខណៈសហរដ្ឋអាមេរិកនឹងគាំទ្រពីក្រោយ។ តែទោះជាបែបនេះក្ដី អ្នកភាគច្រើន ក្នុងពេលដ៏ខ្លី ឬមធ្យម វានឹងមិនមានឡើយបក្សសម្ព័ន្ធយោធាដែលមានទម្រង់ដូចជា «ណាតូអឺរ៉ុប» សព្វថ្ងៃ។ «នេះជាការបោះជំហានដ៏អស្ចារ្យឆ្ពោះទៅរក កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងតំបន់ក្នុងពេលនេះ ក៏ប៉ុន្តែ ខ្ញុំនៅគិតថាគំនិតចង់បង្កើត «ណាតូអារ៉ាប់» គឺជាផ្លូវមួយដ៏វែងឆ្ងាយ»។ នេះជាការបញ្ជាក់របស់លោកស្រី ប៊ិចកា វ៉ាស់សឺរ (Becca Wasser) ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។
មែនទែនទៅ សហរដ្ឋអាមេរិកដែលជាអ្នកធានារ៉ាប់រងសន្តិសុខដ៏ធំឱ្យប្រទេសអារ៉ាប់ ធ្លាប់បានជំរុញបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិដែលមានលក្ខណៈស្រដៀងនឹង បក្សសម្ព័ន្ធយោធាមួយដែរ។ ជាឧទាហរណ៍ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ សហរដ្ឋអាមេរិកបានបង្កើតអង្គការមួយហៅជាភាសាអង់គ្លេសថា Central Treaty Organization ឬហៅកាត់ថាសិនតូ (CENTO) ក្នុងគោលបំណងទប់ទល់នឹងអតីតសហភាពសូវៀត តែទីបំផុតទៅ អង្គការនេះត្រូវបានរំលាយចោលនៅឆ្នាំ១៩៧៩។ រដ្ឋបាលរបស់ លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីគំនិតបង្កើត «សម្ព័ន្ធភាពយុទ្ធសាស្ត្រតំបនមជ្ឈិមបូព៌ា» (MESA) ហើយនៅក្រោមអតីតរដ្ឋបាលលោកប្រធានធិបតី បារ៉ាប់ អូបាម៉ា សហរដ្ឋអាមេរិកក៏ធ្លាប់មានចក្ខុវិស័យក្នុងការបង្កើតបក្សសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ រីឯប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន ត្រូវបានគេរំពឹង ដែរថានឹងពិភាក្សាគ្នាពី «ប្រធានបទនេះ» នាឱកាសបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ថា រាប់សិបឆ្នាំមកនេះ ផែនការបង្កើតបក្សសម្ព័ន្ធណាតូ សម្រាប់តំបន់មជ្ឈិមបូព៌ា មិនដែលបានទទួលបានជោគជ័យឡើយ ហើយឧបសគ្គរារាំងស្ទះធំៗនៅតែបន្ត មកដល់សព្វថ្ងៃ។ បញ្ហាទាំងនោះរួមមានប្រទេសផ្សេងគ្នា ប្រើអាវុធ និងយន្ដហោះចម្បាំខុសគ្នា, ការភ័យខ្លាចថាប្រទេសធំ និងត្រូវបានបំពាក់អាវុធទំនើបៗដូចជា អារ៉ាប៊ីសាអូឌីត ឬអេហ្ស៊ីប អាចនឹងក្ដោបក្ដាប់បក្សសម្ព័ន្ធ ហើយមិនមែនគ្រប់ប្រទេសអារ៉ាប់ទាំងអស់សុទ្ធតែមើលឃើញថាអ៉ីរ៉ង់ជាសត្រូវធំរបស់ពួកគេនោះទេ តួយ៉ាងដូចជា អេហ្ស៉ីបជាដើម មានអាទិភាពនយោបាយចម្រុះ។ លើសពីនេះទៅទៀត បញ្ហារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏នៅតែបន្តបំពុលទំនាក់ទំនងរវាងប្រជាជាតិអារ៉ាប់ និងអ៉ីស្រាអែលផងដែរ ដោយ អារ៉ាប៊ីសាអូឌីត មិនព្រមភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីស្រាអែល ក៏ដោយសារតែសំណុំរឿងប៉ាឡេស្ទីននេះដែរ និយាយជារួមគឺពួកគេនៅមិនទាន់ទុកចិត្តគ្នាទៅវិញទៅមក ហើយបើអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលមិនត្រូវគ្នាទេ នោះការបង្កើតបក្សសម្ព័ន្ធយោធាណាមួយពិបាកនឹងកើតឡើងណាស់៕