(ប៉េកាំង)៖ ទីក្រុងជាច្រើនរបស់ចិនកំពុងដាក់វិធានការទប់ស្កាត់កូវីដ១៩ទម្រង់ថ្មី ចាប់ពីការបិទអាជីវកម្មរហូតដល់ការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងថ្មី ហើយមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងសៀងហៃ រៀបចំសម្រាប់ការធ្វើតេស្តដ៏ធំមួយទៀត បន្ទាប់ពីការរកឃើញទម្រង់បំប្លែងខ្លួនអូមីក្រុងថ្មី ដែលអាចឆ្លងបានកាន់តែលឿន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
ការទប់ស្កាត់ដ៏តឹងតែងដោយរដ្ឋាភិបាលក្នុងតំបន់ អនុវត្តតាមគោលនយោបាយ «សូន្យ-កូវីដ» របស់ប្រទេសចិន ក្នុងការលុបបំបាត់ការផ្ទុះឡើងភ្លាមៗបានយ៉ាងមានប្រសិទ្ធភាព ខណៈពេលដែលពិភពលោកភាគច្រើនរួមរស់ជាមួយវីរុសនេះ។
ប្រទេសចិនបាននិយាយថា ការទប់ស្កាត់ត្រូវតែបានកំណត់គោលដៅ តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការខូចខាតដល់សេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក បន្ទាប់ពីមានការរំខានដ៏ធំក្នុងឆ្នាំនេះ ដែលបានធ្វើឱ្យស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។
ទីក្រុងសៀងហៃ ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេរហូតដល់ចំនួន២៥លាននាក់ បានស្នើឱ្យអ្នកស្រុកធ្វើតេស្តពីរដង ក្នុងយុទ្ធនាការតេស្តទ្រង់ទ្រាយធំមួយយផ្សេងទៀតនៅសប្តាហ៍នេះ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ក្រោយពីបានធ្វើរួចម្តងហើយកាលពីសប្តាហ៍មុន។
អាជ្ញាធរ និងអ្នកវិនិយោគមួយចំនួនសង្ឃឹមថា ការធ្វើតេស្តឥតឈប់ឈរបែបនេះនឹងរកឃើញការឆ្លងឱ្យបានឆាប់គ្រប់គ្រាន់ ដើម្បីគ្រប់ស្ថានការណ៍។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ សៀងហៃបានប្រកាសរកឃើញករណីកូវីដ១៩ អូមីក្រុងប្រភេទថ្មីមួយទៀតគឺ BA.5.2.1 ដែលជាជំនាន់ថ្មីរបស់អម្បូរអូមីក្រុង៕