(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ចិននិងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានការវិនិយោគទុនសរុបជិត២រយលានប្រាក់អឺរ៉ូ និងគ្របដណ្តប់គម្រោងសហប្រតិបត្តិការពាណិជ្ជកម្មចំនួន១០។ នេះជាគំរូថ្មីបំផុតដែលវិនិយោគិនបរទេស មានសុទិដ្ឋិនិយមចំពោះប្រទេសចិន ហើយក៏ជាការសើចចំអកចំពោះ ការដែលស្ថាប័នស៊ើបការណ៍អាមេរិក និងអង់គ្លេសរួមគ្នាលេងកលល្បិចចាស់ម្តងទៀត ដើម្បីបំភិតបំភ័យសហគ្រាសប្រទេសលោកខាងលិច នៅពេលមុននេះផងដែរ។

ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅក្រុងឡុងដ៍កាលពីថ្ងៃទី៦ខែកក្កដា លោក Christopher Wray ប្រធាននាយកដ្ឋានស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងលោក Ken McCallum ប្រធាននាយកដ្ឋានស៊ើបការណ៍យោធាទី៥ របស់អង់គ្លេស (MI5) បានរួមគ្នាចេញផ្សាយអ្វីដែលហៅថា ការព្រមាន ដោយអះអាងថា ប្រទេសចិន «ឆក់ប្លន់» កម្មសិទ្ធិបញ្ញារបស់ប្រទេសលោកខាងលិចតាមរយៈ «ចារកម្មសេដ្ឋកិច្ច» និង «ប្រតិបត្តិការរបស់ Hacker» ដើម្បីសម្រេចបាននូវគោលដៅដឹកនាំមុខរបរជាគន្លឹះ ហើយមួលបង្កាច់ថា ប្រទេសចិនជា «ការគំរាមកំហែងដ៏ធំបំផុតក្នុងរយៈពេលយូរអង្វែង» ផងដែរ។

នៅឆ្នាំទៅមិញ ស្ថាប័នស៊ើបការណ៍អាមេរិកទទួលបទបញ្ជាក្នុងការបង្ករឿងកំប្លែង អំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ តែទីបំផុតបានបញ្ចប់ដោយបរាជ័យ ក្នុងសំឡេងសើចចំអករបស់ទូទាំងពិភពលោក ។ ឆ្នាំនេះ ស្ថាប័នស៊ើបការណ៍អាមេរិក អូសទាញស្ថាប័នស៊ើបការណ៍អង់គ្លេស សម្តែងឆាកល្ខោនដែលប្រឌិត អ្វីដែលមិនធ្លាប់មានម្តងទៀត ដើម្បីបំផុសមនោសញ្ចេតនាភ័យខ្លាចចិននិងច្រានចោលចិន បំផ្លាញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងចិននិងពិភពលោក ក៏ដូចជាគួបផ្សំនឹងយុទ្ធសាស្ត្រទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិននៃរដ្ឋាភិបាលអាមេរិក។

ពេលរដ្ឋាភិបាលលោកត្រាំ បំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិន កាលពីឆ្នាំ២០១៨ ភាគីអាមេរិកក៏បានដាក់កំហុស ដែលហៅថា «លួច» បច្ចេកទេសរបស់ប្រទេសប៉ែកខាងលិច ទៅលើប្រទេសចិន។ ហើយរដ្ឋាភិបាលអាមេរិកកាលនោះ ក៏បានចាប់ដំណើរការ «ផែនការប្រតិបត្តិចំពោះប្រទេសចិន» កាលពីខែវិចិ្ឆកាឆ្នាំ២០១៨ ដោយទាមទារឱ្យស្ថាប័នយុត្តិធម៌នៃតំបន់ចំនួន៩៤ របស់សហរដ្ឋអាមេរិកលើកឡើងពាក្យបណ្តឹង ដែលសំដៅចំពោះប្រទេសចិនយ៉ាងហោចណាស់ មួយឬពីរលើកក្នុងមួយឆ្នាំ ពោលគឺប៉ុនប៉ងនាំឱ្យបទឧក្រិដ្ឋស្តីពីការដែល «ចារកម្មសេដ្ឋកិច្ចរបស់ចិន លួចយកសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» ក្លាយជាការពិត។
ប៉ុន្តែផែនការនេះបានដំណើរការរយៈពេលជាងបីឆ្នាំ ភាគីអាមេរិកមិនត្រឹមតែមិនបានរកឃើញចារកម្មណាមួយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាករណីអយុត្តិធម៌ជាច្រើនដែរ សំណុំរឿងជាច្រើនបានត្រូវកាត់ក្តីគ្មានទោសកំហុស ឬក៏ត្រូវច្រានចោល។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសផ្អាកផែនការនេះដោយខានពុំបាន ព្រមទាំងទទួលស្គាល់ថា ផែនការនេះគឺខុសឆ្គង។

ត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ស្ថាប័នស៊ើបការណ៍អាមេរិកក៏បានប្រើឧបាយកលចាស់ម្តងទៀត។ ពាក្យកុហកដ៏អាក្រក់ទាំងនេះ គ្រាន់តែនឹងបង្ហាញពីធាតុពិត នៃស្ថាប័នស៊ើបការណ៍អាមេរិកដែល «និយាយពាក្យកុហក ឆបោកនិងលួច» ព្រមទាំងលាតត្រដាងពី ទង្វើអាក្រក់គ្រប់បែបយ៉ាងរបស់ទ័ពស្រួច នៃអនុត្តរភាពបែបអាមេរិក។ ក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកដែលទើបបញ្ចប់ ភាគីចិនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង «ឆ្លងជំងឺភ័យខ្លាចប្រទេសចិន» ដែលមានភាពកាន់តែធ្ងន់ធ្ងរ។

ប្រសិនបើបណ្តែតបណ្តោយឱ្យ «អារម្មណ៍គំរាមកំហែង» បែបនេះបន្ដវិវឌ្ឍទៅទៀត នោះ គោលនយោបាយចំពោះ ប្រទេសចិនរបស់អាមេរិក នឹងក្លាយជាផ្លូវទាល់គ្មានច្រកចេញ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ការប្រឌិតពាក្យកុហកពាក់ព័ន្ធនឹង ប្រទេសចិននិងញុះញង់ឱ្យផ្តាច់ទំនាក់ទំនងជាមួយចិន ទើបអាចបង្កជា «ការគំរាមកំហែងដ៏ពិតប្រាកដ» ចំពោះសហរដ្ឋអាមេរិករហូតដល់ពិភពលោកខាងលិច៕

វិទ្យុមិត្តភាពកម្ពុជាចិន