(កូឡុំបូ)៖ ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋមន្រ្តីទាំងអស់នៅក្នុងគណៈរដ្ឋមន្រ្តីស្រីលង្កា បានសម្រេចចិត្តថា នឹងលាលែងពីតំណែង ប្រសិនជាកិច្ចព្រមព្រៀងមួយត្រូវសម្រេចបាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែល មានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា គឺនៅក្នុងកិច្ចពិភាក្សាគ្នាជាមួយ លោកនាយករដ្ឋមន្រ្តី រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដែលធ្វើឡើងនៅរដ្ឋធានីកូឡុំបូ រដ្ឋមន្រ្តីទាំងអស់ដែលមានវត្តមាន បានឯកភាពលើ គំនិតថា នៅពេលមានកិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលមានការចូលរួមពីគ្រប់គណបក្សភ្លាមនោះ ពួកគេត្រៀមខ្លួន ជាស្រេច ដើម្បីផ្តល់ការទទួលខុសត្រូវរបស់ពួកគេ ឱ្យទៅរដ្ឋាភិបាលថ្មី។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន លោក វីគ្រីមេស៉ីងហ្កេ បានប្រកាសស្ម័គ្រចិត្តលាលែងពីតំណែង ហើយប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ក៏បានអះអាងថា រូបលោកនឹងចុះចេញពីតំណែង នៅថ្ងៃពុធសប្តាហ៍នេះផងដែរ។ ការប្រកាសលាលែងទាំងនេះកើតមានឡើង បន្ទាប់ពីក្រុមបាតុករបាននាំគ្នាសម្រុកចូលលុកវិមានប្រធានាធិបតី ហើយដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី៕