(ហុងកុង)៖ ទីក្រុងម៉ាកាវនៅថ្ងៃចន្ទនេះ បានសម្រេចបិទដំណើរការកាស៉ីណូទាំងអស់ ជាលើកដំបូង គិតក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដែលជាហេតុនាំឲ្យភាគហ៊ុននៅរបស់បណ្តាក្រុមហ៊ុនល្បែងធ្លាក់ចុះ ខណៈដែលអាជ្ញាធរព្យាយាមទប់ទល់នឹង ការផ្ទុះឡើងនៃមេរោគកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
កាស៉ីណូចំនួន៣០ទីតាំង និងអាជីវកម្មផ្សេងទៀត នៅក្នុងទីក្រុងដែលប្រមូលផ្តុំទៅដោយ អាជីវកម្មកាស៉ីណូធំជាងគេបំផុត របស់ពិភពលោកមួយនេះ នឹងត្រូវបិទទ្វាររយៈពេល១សប្តាហ៍ ហើយប្រជាជនក្នុងទីក្រុងនេះ ត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ ទោះបីជាវិស័យសេវាកម្មសំខាន់ៗ ត្រូវបានអនុញ្ញាតក៏ដោយ។
រដ្ឋបាលទីក្រុងម៉ាកាវ បានឲ្យដឹងថា ប៉ូលិសនឹងតាមដានការចរាចរណ៍របស់ប្រជាជននៅខាងក្រៅ ហើយនឹងមានការដាក់ពិន័យយ៉ាងតឹងរ៉ឹង សម្រាប់អ្នកដែលមិនស្តាប់តាមការណែនាំ។ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ទីក្រុងម៉ាកាវ មានអ្នកឆ្លងកូវីដ១៩ ប្រហែល ១,៥០០នាក់ ខណៈមនុស្សប្រហែល ១៩,០០០នាក់ ត្រូវបានដាក់ឲ្យក្រោម ការធ្វើចត្តាឡីស័កជាកាតព្វកិច្ច។
គួរបញ្ជាក់ថា កន្លងមក កាស៉ីណូទាំងអស់នៅទីក្រុងម៉ាកាវ ធ្លាប់ត្រូវបានបិទទ្វារ សម្រាប់រយៈពេល១៥ថ្ងៃ កាលពីខែកុម្ភៈ ឆ្នាំ២០២០៕