(យូអិន)៖ របាយការណ៍ព្យាករមួយ របស់អង្គការសហប្រជាជាតិ (UN) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា ចំនួនប្រជាជនសរុបទាំងអស់នៅលើផែនដី ត្រូវបានរំពឹងថា នឹងកើនដល់៨ពាន់លាននាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាឱកាសមួយ ដើម្បីសាទរភាពចម្រុះជាតិសាសន៍របស់យើង ហើយទទួលស្គាល់សមូហភាពនៃមនុស្សជាតិយើង ព្រមទាំងស្ងើចសរសើរចំពោះភាពរីកចម្រើន ក្នុងវិស័យសុខាភិបាលរបស់ពិភពលោក ដែលបានជួយឱ្យពួកយើងអាចមានអាយុ សង្ឃឹមរស់កាន់តែវែង និងកាត់បន្ថយជាខ្លាំង នូវអត្រាមរណៈនៃមាតានិងទារក»។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ព្យាករខាងលើ ដែលរៀបចំដោយទីភ្នាក់ងារសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ UN គឺចំនួនប្រជាជនពិភពលោក កំពុងកើនឡើងក្នុងកម្រិតយឺតបំផុត គិតចាប់តាំងពីឆ្នាំ១៩៥០មក។ បន្ទាប់ពីកើនដល់៨ពាន់លាននាក់ ក្នុងឆ្នាំនេះ វានឹងបន្តកើនដល់ ៨.៥ពាន់លាននាក់ នៅឆ្នាំ២០៣០ និងដល់៩.៧ពាន់លាននាក់ នៅឆ្នាំ២០៥០ មុនពេលឈានដល់ចំណុចកំពូលគឺខ្ទង់ ១០.៤ពាន់លាននាក់ អំលុងទសវត្សរ៍ឆ្នាំ២០៨០ ហើយនឹងបន្តស្ថិតនៅកម្រិតប្រហាក់ប្រហែលនោះ រហូតដល់ឆ្នាំ២១០០៕