(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អាឡិចស៉ី រ៉េសនីកូវ (Alexey Reznikov) បាននិយាយថា អ៊ុយក្រែនបានប្រមូលកម្លាំងយុទ្ធជន១លាននាក់ នៅក្នុងប្រទេស ក្រោមការបង្គាប់បញ្ជារបស់ លោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូងរបស់ខ្លួនមកវិញ។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស ដឺ ថែមស៍ (The Times) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក រ៉េសនីកូវ បានគូសបញ្ជាក់ថា «យើងយល់ឃើញថា គឺវាចាំបាច់ណាស់សម្រាប់ប្រទេស ហើយលោកប្រធានាធិបតី ហ្សេលេនស្គី បានចេញបញ្ជាឲ្យអគ្គមេបញ្ជាការយោធារបស់យើងរៀបចំផែនការ»។ លោក រ៉េសនីកូវ បន្ថែមថា «យើងមានកម្លាំងប្រដាប់អាវុធប្រមាណ ៧០០,០០០នាក់ ហើយបើបូកបន្ថែមទាំងឆ្មាំការពារជាតិ, ប៉ូលិស, និងឆ្មាំព្រំដែន គឺយើងមានកងកម្លាំងរួមសរុបប្រហែល ១លាននាក់»។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន ក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់អង់គ្លេស ក្នុងការជួយដល់អ៊ុយក្រែនផងដែរ ជាពិសេសរដ្ឋមន្រ្តីការពារជាតិអង់គ្លេស គឺ លោក បេន វ៉ាឡេស (Ben Wallace) ដែលជាបុគ្គលដ៏សំខាន់ ក្នុងការជួយប្តូរវិធីសាស្រ្តពី ការផ្តល់ឧបករណ៍ចាស់ៗសល់ពីសម័យសហភាពសូវៀត មកជាការផ្តល់នូវអាវុធទំនើបតាមស្តង់ដាររបស់អង្គការណាតូ (NATO) ដែលមានដូចជាកាំភ្លើងធំ, ប្រព័ន្ធការពារមីស៉ីល និងយន្តហោះដ្រូនជាដើម៕