(ហ្សាការតា) ៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះបានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា «កូនអុក» ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី លោក វ៉ាង បានលើកឡើងថា ប្រទេសជាច្រើននៅតំបន់អាស៉ីអាគ្នេយ៍ បាននិងកំពុងស្ថិតក្រោមសម្ពាធ ឱ្យជ្រើសរើសយកជម្រើសម្ខាងៗ ខណៈតំបន់នេះកំពុងស្ថិតក្នុងហានិភ័យនៃការប្រែប្រួល ដោយសារតែកត្តានយោបាយ។
លោកប្រមុខការទូតចិន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកយើងគួរតែការពារតំបន់នេះ ពីការគណនាផ្នែកភូមិសាស្រ្តនយោបាយ... ពីការក្លាយខ្លួនជាកូនអុក ដែលក្រុមប្រទេសមហាអំណាចប្រើប្រាស់ ដើម្បីប្រកួតប្រជែងឥទ្ធិពលគ្នា និងពីការបង្ខិតបង្ខំ។ អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃរបស់ពួកយើងផ្ទាល់»។
គួរបញ្ជាក់ថា វត្តមានរបស់លោក វ៉ាង យី នៅក្នុងប្រទេសឥណ្ឌូណេស៉ី គឺជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលបានប្រព្រឹត្តទៅនៅកោះបាលី កាលពីសប្តាហ៍មុន៕