(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើសមយុទ្ធធ្វើតេស្ដបាញ់កំាភ្លើងធំ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូនយន្ដហោះ ចម្បាំង F-35 ជាច្រើនគ្រឿងមកកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះបណ្ដាលរួមគ្នាមួយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងកាំភ្លើងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់ចាប់បានសញ្ញានៃការបាញ់កាំភ្លើងរបស់កូរ៉េខាងជើង នៅម៉ោងប្រហែលពី ១៨៖២១នាទី ដល់១៨៖៣៧នាទី (ម៉ោងក្នុងតំបន់) ហើយយោធារបស់យើងបានពង្រឹងតាមដាន និងការប្រុងប្រយ័ត្ន ក៏ដូចជាប្រកាន់ខ្ជាប់ជានិច្ចនូវជំហរត្រៀមខ្លួន ខណៈកំពុងរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូង»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបញ្ជូនយន្ដហោះចម្បាំង F-35 ពីមូលដ្ឋានទ័ពអាកាសអៀលសុន (Eielson) ក្នុងរដ្ឋអាឡាស្កា (Alaska) ទៅដល់ កូរ៉េខាងត្បូង ជាផ្នែកមួយនៃការដាក់ពង្រាយយន្ដហោះចម្បាំងស៊េរីទំនើបមួយនេះលើទឹកដីកូរ៉េខាងត្បូងចាប់តាំងពីចុងឆ្នាំ២០១៧មក ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះ បណ្ដាលរួមគ្នាជាមួយយន្ដហោះចម្បាំងកូរ៉េខាងត្បូង៕