(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) នៅថ្ងៃចន្ទនេះ បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ដើម្បីសម្តែងការចូលរួមរំលែកទុក្ខដោយផ្ទាល់ ក្រោយករណីឃាតកម្មលើ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ (Abe Shinzo)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
យន្តហោះរបស់លោកប្រមុខការទូតអាមេរិក បានចុះចតនៅមូលដ្ឋានយោធា យ៉ូកូតា (Yokota) ហើយលោកបានធ្វើដំណើរទៅជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ្វូមីអុ (Fumio Kishida) ដើម្បីបង្ហាញទុក្ខក្រៀមក្រំរបស់លោក ចំពោះមរណភាពរបស់លោក អាបេ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានធ្វើដំណើរទៅកាន់ គេហដ្ឋានរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន ដើម្បីចុះហត្ថលេខា លើសៀវភៅកត់ត្រាសាររំលែកទុក្ខផងដែរ។
លោក អាបេ ត្រូវបានជនសង្ស័យជាឃាតករ បាញ់សម្លាប់កំលុងពេលថ្លែងសុន្ទរកថា ដើម្បីគាំទ្រយុទ្ធនាកាឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅឯទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ។ កាលពីពេលនៅកាន់អំណាច លោក អាបេ គឺជាមេដឹកនាំជប៉ុន ដែលបានគាំទ្រឱ្យបង្កើនទំនាក់ទំនងយោធា និងនយោបាយកាន់តែជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក ប្លីងកិន បានសម្រេចចិត្តឆ្លៀតធ្វើដំណើរទៅកាន់ទីក្រុងតូក្យ ស្របពេលដែលលោក បិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅតំបន់អាស៉ីអាគ្នេយ៍៕