(កូឡុំបូ)៖ មេដឹកនាំក្រុមបាតុករនៅក្នុងប្រទេសស្រីលង្កា បាននិយាយថាពួកគេនឹងបន្តកាន់កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់ មេដឹកនាំទាំង២ ចុះចេញពីតំណែងជាផ្លូវការ បន្ទាប់ពីពួកគេយល់ព្រមលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាសម្រុកចូលគេហដ្ឋានប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) និងគេហដ្ឋានរ បស់លោកនាយករដ្ឋមន្ត្រី រ៉ានីល វីគរ៉េម៉េស៉ីងហ្កេ (Ranil Wickremesinghe) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីទាមទារ ឱ្យអ្នកទាំង២ ចុះចេញពីតំណែងនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។
ក្រោយហេតុការណ៍នេះកើតឡើង លោក រ៉ាចាប៉ាកសា និងលោក វីគរ៉េម៉េស៉ីងហ្កេ ត្រូវបានទាហានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយ ពួកគេបានយល់ព្រមលាលែងចេញពីតំណែង ដើម្បីបើកផ្លូវបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីមួយ។ ដោយឡែក បើតាមអ្នកនាំពាក្យសភាស្រីលង្កា លោក រ៉ាចាប៉ាកសា នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដានេះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមបាតុករមិនព្រមបន្ធូរដៃឡើយ ដោយ អះអាងថាពួកគេនឹងបន្តកាន់កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់មេដឹកនាំទាំង២ ចុះចេញពីតំណែងជាផ្លូវការ។
«ការតស៊ូរបស់ពួកយើងមិនទាន់បញ្ចប់នោះទេ ហើយពួកយើងនឹងមិនបោះបង់ចោលការតស៊ូនេះទេ រហូតទាល់តែពួកគេចុះចេញពីតំណែង»។ នេះ ជាការបញ្ជាក់របស់មេដឹកនាំក្រុមបាតុករស្រីលង្កា ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិបាល បានកើតមានឡើងជាច្រើនខែមកហើយនៅស្រីលង្កា ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដែលបានមើលឃើញ ប្រទេសដីកោះមានប្រជាជន២២លាននាក់នេះ ទទួលរងគ្រោះនូវបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង ហើយមិនមានសមត្ថភាព ក្នុងការនាំចូលទំនិញមូលដ្ឋាន ដូចជា ស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថជាដើម៕