(តូក្យូ)៖ គណបក្សចម្រុះដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលជ័យជម្នះ ជាមួយការកាន់កាប់សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ឬសភាជាន់ខ្ពស់ តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក អាបេ ត្រូវបានគេធ្វើឃាត។ នេះបើតាម ការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

បើតាមទូរទស្សន៍ជប៉ុន NHK គណបក្សប្រជាធិបតេយ្យសេរីរបស់លោក អាបេ និងនាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ គឺលោក គីស៊ីដា ហ្វូមីអុ (Kishida Fumio) រួមទាំងគណបក្ស កូមីតុ (Komeito) ដែលជាបក្សសម្ព័ន្ធមិត្តទទួលបានអាសនៈចំនួន ៧៦ នៅក្នុងចំណោមអាសនៈ១២៥ ដោយក្នុងនោះ គណបក្សរបស់លោក អាបេ ម្នាក់ឯងទទួលបាន ៦៣អាសនៈដែលជាសំឡេងភាគច្រើន ទោះជាមិនអាចកាន់កាប់សំឡេងភាគច្រើនដាច់ខាត នៅក្នុងព្រឹទ្ធសភាក៏ដោយ។

គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះ លោក គីស៊ីដា ហ្វូមីអុ បានសន្យាថានឹងដោះស្រាយបញ្ហាធំៗដែលជប៉ុនកំពុងប្រឈមក្នុងនោះរួមមាន កូវីដ១៩ សង្រ្គាមនៅអ៊ុយក្រែន និងការឡើងថ្លៃទំនិញដើម ហើយលោកក៏បានសន្យាពង្រឹងសេដ្ឋកិច្ចជប៉ុនឡើងវិញផងដែរ ខណៈប្រជាជនជប៉ុន កំពុងកាន់ទុក្ខមរណភាពរបស់លោក អាបេ៕