(សៀងហៃ)៖ មន្ត្រីម្នាក់បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា ទីក្រុងសៀងហៃបានរកឃើញករណីកូវីដ១៩ អូមីក្រុងប្រភេទថ្មីមួយទៀតគឺ BA.5.2.1 ដែលជាសញ្ញាបង្ហាញពីការលំបាក ដែលប្រទេសចិនប្រឈមមុខក្នុងការបន្តគោលនយោបាយ «សូន្យ-កូវីដ» របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។
លោក Zhao Dandan អនុប្រធានគណៈកម្មការសុខភាពទីក្រុងបាននិយាយថា ករណីនេះត្រូវបានរកឃើញនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Pudong កាលពីថ្ងៃទី០៨ ខែកក្កដា ដោយវាមានទំនាក់ទំនងជាមួយនឹងករណីមកពីក្រៅប្រទេស។
ទីក្រុងសៀងហៃដែលស្ថិតនៅភាគខាងកើតប្រទេសចិន ទើបតែដើរចេញពីវិធានការបិទខ្ទប់ដែលមានរយៈពេល ២ខែនៅដើមខែមិថុនាកន្លងទៅ ប៉ុន្តែវាបានបន្តដាក់កម្រិតយ៉ាងតឹងរ៉ឹង ដោយបិទអគារ ឬបរិវេនណាមួយភ្លាមៗនៅពេលដែលខ្សែចម្លងសក្តានុពលថ្មីលេចឡើង។
លោក Zhao ប្រធានគណៈកម្មាការសុខភាពសៀងហៃបានព្រមានថា «ទីក្រុងរបស់យើង (សៀងហៃ)នាពេលថ្មីៗនេះ បានបន្តរាយការណ៍ករណីវិជ្ជមានក្នុងតំបន់បន្ថែមទៀត ខណៈហានិភ័យនៃការឆ្លងរីករាលដាលក្នុងសង្គមនៅតែមានកម្រិតខ្ពស់»៕