(បាងកក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដានេះ បានសច្ចាថា នឹងមិនបន្ធូរបន្ថយលើការគាបសង្កត់លើរបបយោធាមីយ៉ាន់ម៉ាឡើយ ហើយបាននិយាយទៀតថា ប្រទេសចិនគួរតែយល់ស្របត្រង់ចំនុចនេះ ខណៈដែលលោកបានជួបសកម្មជនប្រជាធិបតេយ្យ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។
លោក Blinken ក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសថៃ និងបានសាទរចំពោះតួនាទីរបស់ថៃ ក្នុងការជំរុញជាថ្មីសម្រាប់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់សំខាន់នៃការប្រកួតប្រជែងជាមួយប្រទេសចិន។
លោក Blinken បានទទួលស្គាល់ថា យុទ្ធសាស្ត្រដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរបបយោធាមិនបានទទួលផ្លែផ្កាទេ ប៉ុន្តែបានសន្យាថា ទីក្រុងវ៉ាស៊ីនតោននៅតែផ្តោតការយកចិត្តទុកដាក់ប្រទេសមីយ៉ាន់មា៉ បើទោះបីជាខ្លួនបានដាក់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា «យើងនឹងបន្តស្វែងរកមធ្យោបាយដែលយើងអាចធ្វើបាន ហើយប្រទេសផ្សេងទៀតអាចដាក់សម្ពាធយ៉ាងមានប្រសិទ្ធភាពលើពួកគេ ដើម្បីឲ្យពួកគេវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញ»។