(សៀងហៃ)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានទទូចឱ្យរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង (Penny Wong) កុំចាត់ទុកចិនជាគូប្រជែង ប៉ុន្តែគួរចាត់ទុកជាដៃគូនឹងគ្នាវិញទើបប្រសើរ ដើម្បីប្រមូលផ្តុំនូវ «ថាមពលវិជ្ជមាន» ហើយលើកកម្ពស់ទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្តីសង្ខេប ដែលចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ដោយក្រសួងការបរទេសចិន គឺលោក វ៉ាង យី បានលើកឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលប្រព្រឹត្តទៅនៅកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះដូច្នេះថា «អូស្រ្តាលីនឹងអាចចាប់យកឱកាស, ចាត់វិធានការជាក់ស្តែង ហើយព្យាយាមស្វែងយល់ឱ្យបានត្រឹមត្រូវអំពីចិន»

លោកប្រមុខការទូតចិនបានបន្តថា «ដើមចមនៃបញ្ហានានា នៅក្នុងទំនាក់ទំនងរវាងចិននិងអូស្រ្តាលី ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គឺបណ្តាលមកពីការចចេសរឹងរូស នៃរដ្ឋាភិបាលអូស្ត្រាលីអាណត្តិមុន ដែលបានចាត់ទុកចិនជាគូប្រជែង និងថែមទាំងជា «ការគំរាមកំហែង » ទៀតផង»។ ដោយឡែក កាលពីថ្ងៃសុក្រ លោកស្រី វ៉ុង បាននិយាយថា ជំនួបរបស់លោកស្រីជាមួយលោក វ៉ាង គឺជាជំហានដំបូងមួយ ឆ្ពោះទៅរកការផ្តល់ស្ថិរភាពឡើងវិញ ចំពោះទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា ចិនបានបន្តដាក់ការរឹតត្បិតលើធ្យូងថ្មដែលនាំចូលពីអូស្រ្តាលី ព្រមទាំងផលិតផលដទៃទៀត ចាប់តាំងតែពីឆ្នាំ២០២០មកម៉្លេះ បន្ទាប់ពីទីក្រុងប៉េកាំងមានការមិនពេញចិត្តជាច្រើន ចំពោះទីក្រុងកង់បេរ៉ា រួមមាន ការអំពាវនាវឱ្យបើកការស៉ើបអង្កេតចំពោះប្រភពដើម នៃជំងឺ COVID-19, ការចោទប្រកាន់ចិនថាបានជ្រៀតជ្រែកនយោបាយអូស្រ្តាលី និងការហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei មិនឱ្យចូលរួមក្នុងការដំណើរការបណ្តាញ 5G នៅក្នុងប្រទេសអូស្រ្តាលី ជាដើម៕