(ឡុងដ៍)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កាសែតអង់គ្លេស Daily Telegraph បានរាយការណ៍ថា បន្ទាប់ពីត្រូវចុះចេញពីអំណាច តាមការបង្ខំរបស់គណបក្សលោកផ្ទាល់ លោក បូរីស ចនសុន កំពុងតែពិចារណាចាកចេញពី ពិភពនយោបាយទាំងស្រុងតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន កាសែត Daily Telegraph បានអះអាងថា នាពេលនេះ លោក Johnson កំពុងគិតគូរថាតើ រូបលោកគួរតែបន្តស្ថិតនៅជាសមាជិករដ្ឋសភា ដូចអ្វីដែលអតីតនាយករដ្ឋមន្រ្តីគឺ លោកស្រី ថេរីសា មេ (Theresa May) បានធ្វើកន្លងមក ឬមួយក៏ត្រូវបោះបង់ចោលឱកាសនេះ នៅក្នុងការបោះឆ្នោតសកលអាណត្តិក្រោយ។

យោងតាមប្រភពដដែល គឺលោក Johnson កំពុងយកពេលវេលាចុងសប្តាហ៍នេះ ដើម្បីពិចារណាអំពីរឿងខាងលើ ប៉ុន្តែលោកហាក់មិនទាន់ឈានដល់ ការសម្រេចចុងក្រោយនៅឡើយទេ។ បន្ទាប់ពីចុះចេញពីតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ លោក ចនសុន ក៏អាចនឹងត្រឡប់ទៅរកការងារនិពន្ធសៀវភៅ និងថ្លែងសុន្ទរកថា សម្រាប់ព្រឹត្តិការណ៍ចម្រុះផ្សេងៗផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក បូរីស ចនសុន បានប្រកាសថា រូបលោកបានសម្រេចចិត្តលាលែងពីតំណែងហើយ ក្រោយរូបលោកនិងរដ្ឋាភិបាល បានប្រឈមរឿងអាស្រូវធំៗបន្តបន្ទាប់គ្នា ហើយក្រោយមកគណៈរដ្ឋមន្រ្តី ក៏បាននាំគ្នាលាឈប់ពីតួនាទី អស់ជាច្រើននាក់ថែមទៀត ដើម្បីសម្តែងការមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក។ យ៉ាងណាក្តី លោក ចនសុន នឹងបន្តធ្វើជាប្រមុខរដ្ឋាភិបាលអង់គ្លេសបណ្តោះអាសន្នសិន រហូតទាល់តែប្រធានថ្មីរបស់បក្សកាន់អំណាច ត្រូវបានជ្រើសរើស ដើម្បីជំនួសរូបលោក៕