(ឡុងដ៍)៖ គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ បេក្ខជនដែលបានប្រកាសចូលរួម ក្នុងដំណើរការប្រកួតប្រជែង ដើម្បីបន្តវេនពីលោក បូរីស ចនសុន (Boris Johnson) ជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស គឺបានកើនដល់៨នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

នៅសប្តាហ៍ក្រោយ គណបក្សអភិរក្សនិយម (Conservative) ដែលកំពុងកាន់អំណាច នឹងដាក់ចេញនូវបទបញ្ញត្តិ ព្រមទាំងកាលវិភាគជាក់លាក់ សម្រាប់ដំណើរការប្រកួតប្រជែងយក តំណែងប្រធានគណបក្ស បន្ទាប់ពីលោក ចនសុន ត្រូវបានបក្សរបស់លោកផ្ទាល់ បង្ខំឱ្យចុះចេញ ដោយសារតែពួកគេលែងមានការគាំទ្រ។ យ៉ាងណាមិញ លោក ចនសុន នឹងបន្តកាន់តំណែង នាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នសិន រហូតទាល់តែជ្រើសរើសបានអ្នកមកជំនួស។

ដោយឡែក សម្រាប់សមាសភាពនៃបេក្ខជនទាំង៨នាក់ ខាងលើ រួមមាន រដ្ឋមន្រ្តីដឹកជញ្ជូន លោក ហ្ក្រេន សាប (Grant Shapps), រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ណាឌីម ហ្សាហាវី (Nadhim Zahawi), អតីតរដ្ឋមន្រ្តីការបរទេស លោក ចេរេមី ហាន់ (Jeremy Hunt), អតីតរដ្ឋមន្រ្តីសុខាភិបាល លោក សាជីដ ចាវីដ (Sajid Javid), អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak), សមាជិកសភា លោក ថម ធូចិនហ៊ែត (Tom Tugendhat), សមាជិកសភា លោកស្រី ខេមី បេដណុច (Kemi Badenoch), និងអគ្គរដ្ឋអាជ្ញាសម្រាប់អង់គ្លេស-វែលស៍ លោកស្រី ស៊ូអេឡា ប្រេវើមែន (Suella Braverman)។

ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេស លោកស្រី លីស ទ្រូស (Liz Truss) ត្រូវគេរំពឹងថា នឹងប្រកាសចូលរួមប្រកួតប្រែង នៅដើមសប្តាហ៍ក្រោយ ខណៈរដ្ឋមន្រ្តីការពារជាតិ លោក បេន វ៉លឡេស (Ben Wallace) បានប្រកាសរួចហើយថា លោកនឹងមិនចូលរួមទេ។

គួរបញ្ជាក់ថា ក្រុមសមាជិកសភានៃគណបក្សអភិរក្សនិយមអង់គ្លេស នឹងរៀបចំធ្វើការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីជម្រុះបេក្ខជនទាំងអស់ឱ្យនៅសល់ត្រឹម ២នាក់ចុងក្រោយ ហើយបន្ទាប់មកពួកគេនឹងត្រូវឆ្លងកាត់ ការបោះឆ្នោតដែលមានលក្ខណៈទូលំទូលាយជាងមុន គឺពីសំណាក់សមាជិករបស់គណបក្សតែម្តង៕