(តូក្យូ)៖ ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។
ការិយាល័យរបស់លោក អាបេ បានប្រាប់អ្នកយកព័ត៌មាន CNN ថាពិធីបុណ្យសពនឹងធ្វើឡើងនៅថ្ងៃចន្ទ រីឯពិធីគោរពវិញ្ញាណក្ខន្ធនឹងធ្វើឡើងនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ ដោយឡែក ទូរទស្សន៍ជប៉ុន NHK ក៏បានឱ្យដឹងដែរថាពិធីបុណ្យសពរបស់លោក អាបេ នឹងត្រូវដឹកនាំដោយភរិយារបស់ផ្ទាល់គឺលោកស្រី អាគី អាបេ (Akie Abe) នៅឯវិហារមួយក្នុងទីក្រុងតូក្យូ ហើយចំនួនអ្នកចូលរួមនឹងត្រូវបានដាក់កំហិត ពោលគឺមានតែសមាជិកគ្រួសារ និងមនុស្សដែលជិតស្និទ្ធ ជាមួយលោក អាបេ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារ នៅពេលលោកកំពុងថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara៕