(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។
កញ្ចប់ជំនួយយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិក មានគោលបំណងពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ខណៈពួកគេកំពុងប្រឈមមុខនឹងការផ្លោង គ្រាប់កាំភ្លើងពីសំណាក់ទាហានរុស្ស៉ីឥតឈប់ឈរ។ ចាប់តាំងពីបើកការវាយលុកលុយចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ទាហានរុស្ស៉ី បានគ្រប់គ្រងទឹកដីអ៊ុយក្រែនជាច្រើន តួយ៉ាងដូចជានៅភាគខាងត្បូង និងភាគខាងកើតប្រទេស។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល HIMARS ទាំង៤គ្រឿងបន្ថែមខាងលើ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីលស៊េរីទំនើបនេះ ដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន កើនដល់ ១២គ្រឿង។ «អ៊ុយក្រែនបច្ចុប្បន្ន កំពុងទទួលបានជោគជ័យ នៅក្នុងការវាយប្រហារលើទីតាំងរបស់រុស្ស៉ីជាច្រើននៅក្នុងទឹកដីអ៊ុយក្រែន ពង្រឹងសមត្ថភាពប្រយុទ្ធនៅសមរភូមិមុខ និងបង្កការរាំងស្ទះដល់សមត្ថភាពរបស់ រុស្ស៉ី ក្នុងការវាយប្រហារដោយកាំភ្លើងធំ»។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដដែល។
គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយបន្ថែមនេះ កើតមានឡើង បន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ីបានអះអាងថាខ្លួនបានវាយប្រហារកម្ទេចប្រព័ន្ធមីស៊ីល HIMARS ចំនួន២គ្រឿង ដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ បានច្រានចោលការអះអាងនេះដោយថាមូស្គូនិយាយបំផ្លើស៕