(តូក្យូ)៖ ប៉ូលិសជប៉ុន បាន និងកំពុងបើកការស៊ើបអង្កេតលើសំណុំរឿងធ្វើឃាតអតីតនាយកដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។ ប៉ុន្តែ មកទល់នឹងពេលនេះ មានព័ត៌មានតិចតួចប៉ុណ្ណោះស្ដីពីជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

*តើជនសង្ស័យជាឃាតកជានរណា៖ ជនឈ្មោះយ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន បានទទួលស្គាល់កំលុងការសួរចម្លើយរបស់ប៉ូលិសថា រូបគេពិតជាមានបំណងសម្លាប់លោក អាបេពិតមែន។ យ៉ាម៉ាហ្កាមិ ដែលជាមនុស្សគ្មានការងារធ្វើបានប្រាប់អ្នកស៊ើបអង្កេតថាខ្លួនមានគោលបំណងសម្លាប់លោក អាបេ ដោយសារតែគិតថាអតីតនាយករដ្ឋមន្ត្រីរូបនេះមានជាប់ពាក់ព័ន្ធនឹងអង្គការដែលខ្លួនស្អប់ និងបានចងកំហឹង។ ប៉ុន្តែ ប៉ូលិសមិនបានបញ្ជាក់លម្អិតពីឈ្មោះអង្គការនេះនោះទេ គ្រាន់តែបញ្ជាក់ថាការចងកំហឹងរបស់ជនសង្ស័យជាឃាតក មិនមានជាប់ពាក់ព័ន្ធនឹងនយោបាយឡើយ។

*តើកាំភ្លើងប្រភេទអ្វីដែលយ៉ាម៉ាហ្កាមិ បាញ់ប្រហារលើលោក អាបេ៖ ជនសង្ស័យ ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់កាំភ្លើងកែច្នៃមួយដើម នៅក្នុងការធ្វើឃាត លោក អាបេ កំលុងថ្លែងសុន្ទរកថាក្នុងទីក្រុង Nara ហើយបើតាមរូបភាពជាច្រើនសន្លឹកពីកន្លែងកើតហេតុ បានបង្ហាញថាកាំភ្លើងនេះមានកាណុង ២ និងមានប្រវែង ប្រហែល៤០សង់ទីម៉ែត្រ និងទទឹង២០សង់ទីម៉ែត្រ។ ក្រោយមក ប៉ូលិសជប៉ុនបានរឹបអូសកាំភ្លើងកែច្នៃជាច្រើនដើមផ្សេងទៀតចេញពីផ្ទះរបស់ជនសង្ស័យ។

ដោយឡែក បើតាមទូរទស្សន៍ជប៉ុន NHK ជនឈ្មោះយ៉ាម៉ាហ្កាមិនេះបានផលិតកាំភ្លើងកែច្នៃជាច្រើនប្រភេទជាមួយបំពង់ដែករុំព័ទ្ធខាងក្រៅដោយស្គុត។ ជនសង្ស័យ បានបញ្ចូលគ្រាប់កាំភ្លើងក្នុងបំពង់ដែក ដែលគាត់បានទិញនៅលើអនឡាញ ហើយប៉ូលិសជឿថាជនសង្ស័យជាឃាតករូបនេះបានកែច្នៃកាំភ្លើងដ៏មានឥទ្ធិពល ដើម្បីប្រើនៅក្នុងការធ្វើឃាតលោក អាបេ។

*ស៊ើបអង្កេតសន្តិសុខ៖ ទីភ្នាក់ងារប៉ូលិសជាតិរបស់ជប៉ុន បាននិយាយថាខ្លួននឹងត្រួតពិនិត្យឡើងវិញចំពោះការរៀបចំសន្តិសុខ នៅមុនថ្ងៃដែលលោក អាបេ ត្រូវបានបាញ់សម្លាប់។ ការរៀបចំសន្តិសុខត្រូវបានធ្វើឡើងប៉ូលិសក្នុងទីក្រុង Nara ដែលជាអ្នកបង្កើតផែនការសន្តិសុខការពារអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ កំលុង លោកស្ថិតនៅក្នុងទីក្រុងមួយនេះ។ ទូរទស្សន៍ជប៉ុន NHK បានឱ្យដឹងថាមន្ត្រីប៉ូលិស និងភ្នាក់ងារសនិ្តសុខជាច្រើននាក់មកពីប៉ូលិសក្រុងតូក្យូ ត្រូវបានដាក់ពង្រាយឱ្យ ជួយការពារសន្តិសុខលោក អាបេ និងតាមមើលពីគ្រប់ជ្រុងទាំងអស់នៅពេលលោក អាបេចាប់ផ្ដើមថ្លែងសុន្ទរកថា៕

ប្រភព៖ CNN (ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២)