(តូក្យូ)៖ ជប៉ុន នឹងត្រូវរៀបចំការបោះឆ្នោតសភាជាន់ខ្ពស់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះតាមការគ្រោងទុក ខណៈប្រជាជនទូទាំងប្រទេសកំពុងកាន់ទុក្ខចំពោះ មរណភាពរបស់អតីតនាយករដ្ឋមន្ត្រី លោក អាបេ សិនហ្សូ។

បើតាមការស្ទង់មតិគណបក្សប្រជាធិបតេយ្យសេរីរបស់នាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្ន លោក គីស៊ីដា ហ្វូមិអុ (Fumio Kishida) និងលោក អាបេ ផងនោះត្រូវបានគេ រំពឹងថានឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នេះ ហើយប្រសិនបើដូចជាការស្ទង់មតិនេះមែន នោះវានឹងជួយពង្រឹងឱកាសរបស់លោក គីស៊ីដា ក្នុងការបន្តដឹកនាំគណបក្សសម្រាប់ការបោះឆ្នោតសកលនៅពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៥ ព្រមទាំងអំណាចដែលនឹងអនុញ្ញាតឱ្យលោកបង្កើន កញ្ចប់ថវិកាយោធា ឬអាចដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុនសព្វថ្ងៃ ដែលជាបំណងប្រាថ្នាមួយរបស់លោក អាបេ កាលលោកនៅមានជីវិត។

ខាងក្រោម នេះគឺជាចំណុចខ្លះៗដែលគួរដឹងពីការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន៖

នៅក្នុងប្រទេសជប៉ុន សភាជាតិត្រូវបានបែងចែកជាពីរ គឺសភាជាន់ទាប ឬរដ្ឋសភា និងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភា ហើយរាល់ការតាក់តែង ឬអនុម័តច្បាប់ទាំងឡាយ សុទ្ធតែត្រូវឆ្លងកាត់សភាទាំង២នេះ។ សម្រាប់សភាជាន់ខ្ពស់ជប៉ុន មានអាសនៈសរុបចំនួន ២៤៨អាសនៈ ដោយសមាជិកមានអាណត្តិ៦ឆ្នាំ ហើយការបោះឆ្នោតជ្រើសរើស សមាជិកថ្មីចំនួនពាក់កណ្ដាល ឬ ១២៤នាក់ នៃសមាជិកសរុប ត្រូវធ្វើឡើងជារៀងរាល់ ៣ឆ្នាំម្ដង។ ប៉ុន្តែ ការបោះឆ្នោតក្នុងឆ្នាំនេះ មានកៅអីមួយត្រូវបំពេញបន្ថែម ដូច្នេះវាធ្វើឱ្យអសនៈនេះកើនដល់ ១២៥អាសនៈដែលបេក្ខជនត្រូវប្រជែងយក។

*ការស្ទង់មតិ

ការស្ទង់មតិចេញផ្សាយកាលពីពេលថ្មីនេះដោយសារព័ត៌មានជប៉ុន Nikkei បានឱ្យដឹងថាគណបក្សប្រជាធិបតេយ្យសេរីរបស់លោក គីស៊ីដា និងលោក អាបេ រួមទាំងបក្ស ជាសម្ព័ន្ធមិត្តក្នុងក្រុមចម្រុះ ត្រូវបានគេរំពឹងថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។ បើតាមការស្ទង់មតិដដែល គណបក្សរបស់លោក គីស៊ីដា អាចនឹងទទួល បានអាសនៈចំនួន ៦០ ក្នុងចំណោមអាសនៈចំនួន ១២៥ ដែលត្រូវប្រជែងយក ខណៈបច្ចុប្បន្នបក្សរបស់លោកកាន់កាប់ ៥៥អាសនៈ បូកផ្សំជាមួយបក្សជាសម្ព័ន្ធមិត្ត ក្នុងក្រុមចម្រុះ។

គួរបញ្ជាក់ថា ការបោះឆ្នោតសភាជាន់ខ្ពស់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ធ្វើឡើងនៅចំពេលប្រជាជនទូទាំងប្រទេសកំពុងកាន់ទុក្ខចំពោះមរណភាពរបស់ អតីតនាយករដ្ឋមន្ត្រី លោក អាបេ សិនហ្សូ ដែលត្រូវបានខ្មានកំាភ្លើងម្នាក់បាញ់សម្លាប់កំឡុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃោសនារកសំឡេង ឆ្នោតឱ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសេរី ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ៕

ប្រភព៖ Reuters និង NHK (ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២)