(តូក្យូ)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងប្រទេសជប៉ុន នឹងត្រូវចាប់ផ្ដើមឡើងវិញនៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃចុងក្រោយ មុននឹងការបោះឆ្នោតសភា ជាន់ខ្ពស់ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ បើទោះជាប្រជាជនជប៉ុនទាំងមូលកំពុងកាន់ទុក្ខចំពោះមរណភាពរបស់អតីតនាយកដ្ឋមន្ត្រី លោក អាបេ សិនហ្សូ ដែលត្រូវបានគេធ្វើឃាតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។
លោក អាបេ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនកាន់តំណែងបានយូរជាងគេ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ កំលុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃាសនា រកសំឡេងឆ្នោតមួយក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ខ្មាន់ភ្លាំភ្លើងរូបនេះត្រូវបានប៉ូលិសបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន។ ជននេះបានប្រាប់ប៉ូលិសថារូបគេបាញ់ប្រហារលើលោក អាបេ ដោយសារមិនពេញចិត្តចំពោះលោក អាបេ តែក្រុមអ្នកស៊ើបអង្កេតនៅតែបន្តស៊ើបអង្កេតស្វែងរកមូលហេតុនៅពីក្រោយការធ្វើឃាតលោក អាបេ។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកនយោបាយជប៉ុនបានសន្យាថានឹងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃសៅរ៍នេះ មុនការ បោះឆ្នោតសភាជាន់ខ្ពស់ជប៉ុនប្រព្រឹត្តទៅ ជាមួយក្ដីរំពឹងថាគណបក្សកាន់អំណាច និងសម្ព័ន្ធមិត្តជាក្រុមចម្រុះដឹកនាំរដ្ឋាភិបាលសព្វថៃ្ងនឹងទទួលបានជ័យជម្នះ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន NHK រថយន្ដដឹកសពលោក អាបេ សិនហ្សូ បានចាកចេញពីមន្ទីរពេទ្យនៅម៉ោង ៦ព្រឹក ថ្ងៃសៅរ៍នេះ (ក្នុងតំបន់) ឆ្ពោះ ទៅកាន់គេហដ្ឋានរបស់លោកក្នុងទីក្រុងតូក្យូ៕