(កុងហ្គោ)៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមឧទ្ទាមនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) បានសម្លាប់មនុស្ស ១៣នាក់ និងបានដុតបំផ្លាញគ្លីនិកមួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។
អភិបាលក្រុង Lume នៃខេត្ត North Kivu លោក Kasereka Ise Mighambo បាននិយាយថា សកម្មប្រយុទ្ធ ADF បានចូលទីក្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានដុតបំផ្លាញគ្លីនិកមួយ ដោយបានសម្លាប់អ្នកជំងឺ ០៤នាក់នៅខាងក្នុង។
លោកបានបន្ថែមថា ពួកសកម្មប្រយុទ្ធបានសម្លាប់ជនស៊ីវិល ៩នាក់ទៀត មុនពេលដកថយទៅកាន់ឧទ្យានជាតិ Virunga ដែលជាជម្រកសត្វព្រៃដ៏ល្បីល្បាញលើពិភពលោក នៅតំបន់ជម្លោះស្ថិតភាគខាងកើតរបស់ប្រទេសកុងហ្គោ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមប្រដាប់អាវុធ ADF នេះត្រូវបានចោទប្រកាន់ពីបទសម្លាប់រង្គាលជនស៊ីវិលកុងហ្គោ និងការវាយប្រហារភេរវកម្មនៅប្រទេសជិតខាង Uganda ផងដែរ។
សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេស Uganda បានចាប់ផ្តើមការវាយលុករួមគ្នាប្រឆាំងនឹងក្រុមឧទ្ទាម ADF ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីកំទេចក្រុមនេះ ប៉ុន្តែអំពើហិង្សាលើជនស៊ីវិលនៅតែបន្ត៕