(តូក្យូ)៖ នាយករដ្ឋមន្ត្រី លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) បាននិយាយថា លោក «អស់ពាក្យអ្វីនឹងថ្លែង» ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដានេះដោយបានប្តេជ្ញាថា លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសជប៉ុននឹង «មិននាំមកនូវអំពើហិង្សាឡើយ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។
លោក Kishida ដែលកំពុងមានអារម្មណ៍រំជើបរំជួលបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានបន្តអធិស្ឋានសុំឱ្យជីវិតរបស់គាត់ត្រូវបានសង្គ្រោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានដឹងពីការស្លាប់របស់គាត់រួចហើយ»។
លោកបានបន្តថា «វាពិតជាសោកស្ដាយណាស់។ ខ្ញុំគ្មានពាក្យអ្វីនឹងថ្លែងទេ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងបួងសួងដោយស្មោះ ដើម្បីឱ្យព្រលឹងរបស់លោកបានទៅកាន់សុគតិភព»។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែង សុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕