(តូក្យូ)៖ ហេតុការណ៍បាញ់ប្រហារសម្លាប់អតីតនាយករដ្ឋមន្ត្រី លោក អាបេ សិនហ្សូ បានបង្កភាពរំជើបរំជួលនៅទូទាំងជប៉ុន ដែលជាប្រទេសមួយមានអត្រា ហិង្សាដោយកាំភ្លើងទាបបំផុតមួយនៅលើពិភពលោក ដោយសារតែការអនុវត្តច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង។
កាលពីឆ្នាំ២០១៨ ជប៉ុនបានរាយការណ៍ពីអ្នកស្លាប់ដោយសារកាំភ្លើងត្រឹម ៩នាក់ប៉ុណ្ណោះ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅសហរដ្ឋអាមេរិកមានអ្នកស្លាប់ ដោយសារកាំភ្លើងដល់ទៅ ៣៩,៧៤០នាក់។ នៅក្រោមច្បាប់គ្រប់គ្រងកាំភ្លើងរបស់ជប៉ុន មានប្រភេទកាំភ្លើងមួយចំនួនតូចប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងនោះរួមមានប្រភេទកាំភ្លើង shotguns និងកាំភ្លើងខ្យល់ សម្រាប់ការបរបាញ់សត្វ ខណៈកាំភ្លើងខ្លីត្រូវបានហាមឃាត់។ តែទោះជាបែបនេះក្ដី នីតិវិធីទទួលបាន ការអនុញ្ញាតប្រើប្រាស់កាំភ្លើងមានភាពស្មុគស្មាញ និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចង់ជាទីបំផុត។
អ្នកដែលស្នើទិញកាំភ្លើងនៅក្នុងប្រទេសជប៉ុន ត្រូវឆ្លងកាត់ការធ្វើតេស្ដសុខភាពផ្លូវចិត្ត ការតេស្ដរកសារធាតុញៀន ការត្រួតពិនិត្យប្រវត្តិរូប ដែលក្នុងនោះរួមមាន ព្រឹត្តិបត្រថ្កោលទោស, បញ្ហាបំណុល ទំនាក់ទំនងក្នុងអង្គការឧក្រិដ្ឋកម្ម រួមទាំងទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិជាដើម។ កាលពីឆ្នាំ២០១៩ កាំភ្លើងប្រមាណ ៣១០,៤០០ដើម ត្រូវបានកាន់កាប់ដោយជនស៉ីវិល នៅក្នុងប្រទេសជប៉ុន ដែលមានប្រជាជន ១២៥លាននាក់។
កាលពីឆ្នាំ២០១៧ អភិបាលក្រុង ណាកាសាគី (Nagasaki) នៅភាគខាងត្បូងប្រទេសជប៉ុន លោក អ៉ីឆូ អ៉ីតូ (Iccho Ito) បានស្លាប់បន្ទាប់ពីត្រូវក្រុមបងធំបាញ់ សម្លាប់។ ចាប់តាំងពីពេលនោះមក ប្រទេសជប៉ុនបានរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើងរបស់ខ្លួនបន្ថែមទៀត ដោយដាក់ទណ្ឌកម្មកាន់តែធ្ងន់ចំពោះឧក្រិដ្ឋកម្មកាំភ្លើង ដែលប្រព្រឹត្តដោយសមាជិកនៃក្រុមបងធំ៕
ប្រភព៖ CNN (ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២)