(ម៉ានីល)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃសុក្រនេះ បានប្រកាសថា លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានធ្វើតេស្តមានវិជ្ជមានកូវីដ ១៩ ដែលជាការឆ្លងជាលើកទីពីរ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានហ្វីលីពីន Inquirer នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
លោកស្រី ត្រិចស៉ី គ្រូស អាន់ជេលឡេស (Trixie Cruz-Angeles) អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីពីន បានិយាយថា លោក ម៉ាកូស ត្រូវបានរកឃើញថាឆ្លងកូវីដ ១៩ ក្រោយការធ្វើតេស្តដោយឧបករណ៍តេស្តរហ័ស។ លោកស្រី បានបញ្ជាក់ថា «លោកមានរោគសញ្ញាគ្រុនក្តៅបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែលោកមិនអីទេ»។ កូនប្រុសលោក ម្នាក់បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន រីឯជំទាវទីមួយ លោកស្រី លីហ្សា ម៉ាកូស (Liza Marcos) និងកូនប្រុស២នាក់ទៀត គឺមិនបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយលោកម៉ាកូសទេ ដោយសារពួកគេបានចេញទៅក្រៅក្រុងអស់ទៅហើយ។
គួរបញ្ជាក់ថា នេះជាការឆ្លងកូវីដ ១៩ លើកទីពីរ របស់លោក ម៉ាកូស។ កាលពីកំលុងខែមករា ឆ្នាំ២០២២ លោកបានឆ្លងកូវីដ ១៩ ម្តងរួចមកហើយ ដែលកាលនោះលោក នៅជាអតីតសមាជិកព្រឹទ្ធសភា និងជាបេក្ខជនប្រធានាធិបតី៕