(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងជាប្អូនប្រុសរបស់លោក អាបេ សិនហ្សូ គឺលោក ណូប៊ូអុ គីស៊ី (Nobuo Kishi) បានឱ្យដឹងថាអតីតនាយកដ្ឋមន្ត្រីជប៉ុនរូបនេះកំពុង ទទួលការព្យាយាមពិសេស ក្នុងនោះរួមមានទាំងការបញ្ចូលឈាមផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ណូប៊ូអុ គីស៊ី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទទួលបានដំណឹងថាគាត់ (លោក អាបេ) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងទីក្រុង Nara ជាទីដែលលោកកំពុងទទួលបានការព្យាបាលជាពិសេស ក្នុងនោះរួមមានការបញ្ចូលឈាម»។
គួរបញ្ជាក់ថា លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ឱ្យរបួសធ្ងន់ កំលុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយ មុននឹងការបោះឆ្នោតសភាជាន់ខ្ពស់ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕