(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ គឺជាអតីតកងកម្លាំងជើងទឹកនៃកងស្វ័យការពារជប៉ុន ហើយរូបគេគឺមានបំណងសម្លាប់លោក អាបេ។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាជប៉ុន សារព័ត៌មាន NHK បានឱ្យដឹងទៀតថាជនសង្ស័យខាងលើមានឈ្មោះថា Yamagami Tetsuya មាន អាយុ ៤១ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Nara ជាទីដែលលោក អាបេត្រូវបានបាញ់ឱ្យរបួសធ្ងន់។ ជនសង្ស័យរូបនេះបានបម្រើការឱ្យកងកម្លាំងជើងទឹកនៃកងកម្លាំងស្វ័យការពារជប៉ុន អស់រយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥ ហើយជននេះបានប្រាប់អ្នកស៊ើបអង្កេត រូបគេមិនពេញចិត្តចំពោះលោក អាបេ និងមានបំណងសម្លាប់លោក អតីតនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់មានថ្មីពីស្ថានភាពរបស់លោក អាបេនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាលោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិនមានសញ្ញាសង្ឃឹមរស់នោះទេ៕