(ប៉េកាំង)៖ យោធាចិននាថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងថា ខ្លួនទើបតែបានធ្វើសមយុទ្ធយោធាចម្រុះមួយ នៅលើដែនទឹក និងដែនអាកាស ក្បែរកោះតៃវ៉ាន់ ខណៈដែលសមាជិកជាន់ខ្ពស់ម្នាក់នៃព្រឹទ្ធសភាអាមេរិក បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដើម្បីជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការពារជាតិ វូ ឈាន (Wu Qian) បាននិយាយថា សមយុទ្ធខាងលើ ដែលត្រូវបានប្រកាសដោយ ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិន គឺត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះ «សកម្មភាពគប់គិត និងបង្កហេតុ» រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។ លោក Wu ទំនងជាចង់សំដៅលើ ដំណើរទស្សនកិច្ចនាថ្ងៃសុក្រនេះរបស់លោក រីគ ស្កុត (Rick Scott) ដែលជាសមាជិកជាន់ខ្ពស់នៃព្រឹទ្ធសភាអាមេរិក។
អ្នកនាំពាក្យចិនរូបនេះបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Scott បានបង្កការខូចខាតជាខ្លាំង ចំពោះទំនាក់ទំនងចិន-អាមេរិក ហើយថែមទាំងបង្កើនភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ លោក Wu បានសង្កត់ធ្ងន់ដូច្នេះថា «យោធាចិនត្រៀមខ្លួនសម្រាប់សង្រ្គាមនៅគ្រប់ពេលវេលា ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីរារាំងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ និងការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់ ហើយការពារជាដាច់ខាតនូវ អធិបតេយ្យនិងបូរណភាពទឹកដីរបស់ជាតិ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ តែងតែបានរិះគន់លើការបង្កើនសកម្មភាពយោធា និងការដាក់សម្ពាធផ្នែកនយោបាយរបស់ចិន ដែលមានគោលដៅព្យាយាមបង្ខំឱ្យដែនកោះនេះ ទទួលយកអធិបតេយ្យរបស់ចិន ខណៈទីក្រុងតៃប៉ិបានបង្ហាញជំហរយ៉ាងច្បាស់ថា មានតែប្រជាជនទាំង ២៣លាននាក់របស់ខ្លួនផ្ទាល់ប៉ុណ្ណោះ ដែលមានសម្រេចពីអនាគតរបស់ពួកគេបាន៕