(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ៊្វូមិអុ (Kishida Fumio) នៅថ្ងៃសុក្រនេះ បានផ្អាកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោក អាបេ សិនហ្សូ (Abe Shinzo) បានទទួលរងការបាញ់ប្រហារ នៅទីក្រុង ណារ៉ា (Nara)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ថា លោក អាបេ ពិតជាត្រូវបានគេបាញ់ប្រហារឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយបុរសម្នាក់ជាជនសង្ស័យ ត្រូវបានចាប់ខ្លួន ខណៈមកទល់នឹងពេលនេះ ស្ថានភាពរបស់លោក អាបេ ស្ថិតក្នុងភាពមិនច្បាស់លាស់។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន ក្រោយការបាញ់ប្រហារ លោក អាបេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែស្ថិតក្នុងសភាពបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ឡើយ។
ដោយឡែក បន្ទាប់ពីហេតុការណ៍ខាងលើ លោក គីស៉ីដា ក៏បានផ្អាកយុទ្ធនាការឃោសនារបស់លោក នៅទីក្រុង សាហ្គេ (Sagae) ក្នុងខេត្ត យ៉ាម៉ាហ្កាតា (Yamagata) ហើយត្រឡប់ទៅកាន់ទីក្រុងតូក្យូវិញ។
គួរបញ្ជាក់ថា លោក អាបេ ត្រូវបានគេបាញ់ប្រហារ ពេលថ្លែងសុន្ទរកថា កំលុងយុទ្ធនាការឃោសនារបស់លោក សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ នៃប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕