(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់នៅថ្ងៃសុក្រនេះថាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ពិតជាត្រូវបានគេបាញ់ប្រហារឱ្យរបួសធ្ងន់ នៅក្នុងទីក្រុង Nara ស្ថិតនៅភាគខាងលិចនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាហ្សុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានគូសបញ្ជាក់ដូច្នេះថា «អតីតនាយករដ្ឋមន្ត្រីលោក អាបេ បានរងការបាញ់ប្រហារនៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យត្រូវបានចាប់ខ្លួន»។ លោក ម៉ាត់ស៊ូណុ បានបន្ថែមទៀតថា មកទល់នឹងពេលនេះ ស្ថានភាពរបស់ លោក អាបេ ស្ថិតក្នុងភាពមិនច្បាស់លាស់។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជបុន ហើយលោក ត្រូវបានគេរាយការណ៍ថាបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ។
បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ លោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕