(ប៉េកាំង)៖ មន្ត្រីយោធាជាន់ខ្ពស់ចិនម្នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានព្រមានសមភាគីអាមេរិករបស់លោកថា ចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងសកម្មភាពបង្កហេតុដោយបំពានណាមួយ ប៉ុន្តែព្រមពេលជាមួយគ្នា ក៏បានទទួលស្គាល់ដែរថាភាគីទាំង២ គួរតែពង្រឹងកិច្ចសន្ទនា ដើម្បីគ្រប់គ្រងហានិភ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
ការព្រមានខាងលើរបស់នាយសេនាធិការចម្រុះកងទ័ពចិន លោក លី ហ្សូឆេង (Li Zuocheng) ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក ម៉ាក មីលលី (Mark Milley)។ ថ្លែងនាឱកាសនោះ លោក លី ហ្សូឆេង បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើមាន ការបង្កហេតុដោយបំពានណាមួយ នោះវានឹងមិនអាចចៀសផុតឡើយពីការចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ពីប្រជាជនចិន»។ លោកបន្ថែមថា ចិនដាច់ខាត មិនធ្វើសម្បទាន ឬសម្រុះសម្រួលលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ខ្លួនឡើយ ហើយក៏បានអំពាវនាវផងដែរឱ្យសហរដ្ឋអាមេរិកបិទបញ្ចប់ ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ ក៏ដូចជាបញ្ចៀសរាល់សកម្មភាពដែលបំពុលទំនាក់ទំនងរវាងចិន-អាមេរិក និងបំផ្លាញស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោកឧត្ដមសេនីយ៍ ម៉ាក មីលលី បាននិយាយថាមិនមានការគំរាមកំហែងនៃការវាយប្រហារភ្លាមៗ ណាមួយរបស់ចិន លើកោះតៃវ៉ាន់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកនឹងតាមឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕