(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថារដ្ឋាភិបាលនឹងមិនអនុវត្តគោលនយោបាយថ្មី ឬក៏ធ្វើការកែប្រែ ទ្រង់ទ្រាយធំណាមួយនោះទេ រហូតទាល់តែនាយករដ្ឋមន្ត្រីថ្មីជំនួសរូបលោកត្រូវបានជ្រើសរើស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
លោក ចនសុន ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីលោកផ្ទាល់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសលាលែងចេញពីតំណែង នៅក្រោយរដ្ឋមន្ត្រី និងមន្ត្រី ជាន់ខ្ពស់រូបនៃគណៈរដ្ឋមន្ត្រី បានលាលែងចេញពីតំណែងជាបន្តបន្ទាប់ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះការដឹកនាំ និងការដោះស្រាយបញ្ហាមិនបានល្អ របស់លោក។ បើតាមលោក ចនសុន ការសម្រេចចិត្តកែប្រែ ឬការដាក់ចេញគោលនយោបាយថ្មី គឺអាស្រ័យលើនាយករដ្ឋមន្ត្រីថ្មី។
គួរបញ្ជាក់ថា ដំណើរការដើម្បីស្វែងរកការតែងតាំងមេដឹកនាំថ្មីត្រូវបានគេរំពឹងថានឹងធ្វើឡើងឆាប់ៗ ប៉ុន្តែក្រុមមន្ត្រីនៅក្នុងគណបក្សអភិរក្សនិយមមួយចំនួន បានទាមទារឱ្យលោក ចនសុន ចុះចេញពីតំណែងភ្លាមៗតែម្ដង៕