(ឡុងដ៍)៖ មន្ត្រីរុស្ស៊ីជាច្រើនបានសម្តែងការអបអរសាទរ ចំពោះការដួលរលំរបស់ លោក បូរីស ចនសុន ខណៈពាណិជ្ជករដ៏លេចធ្លោម្នាក់បានហៅមេដឹកនាំអង់គ្លេសរូបនេះថាជា «ត្លុកល្ងង់» ដែលនៅទីបំផុតបានទទួលរង្វាន់ដ៏យុត្តិធម៌ សម្រាប់ការបំពាក់អាវុធអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «គាត់មិនចូលចិត្តយើង យើងក៏មិនចូលចិត្តគាត់ដែរ»។ លោកបន្តថា របាយការណ៍ដែលថា លោក ចនសុន លាលែងពីតំណែងជានាយករដ្ឋមន្ត្រី មិនមានបញ្ហាច្រើនចំពោះវិមានក្រឹមឡាំងទេ។
លោកស្រី Maria Zakharova អ្នកនាំពាក្យកំពូលនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការដួលរលំរបស់លោក ចនសុន គឺជារោគសញ្ញានៃការធ្លាក់ចុះនៃលោកខាងលិច ដែលលោកស្រីបានចាត់ទុកថា ត្រូវបានជំរុញដោយវិបត្តិនយោបាយ មនោគមវិជ្ជា និងសេដ្ឋកិច្ច។
មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «តម្លៃអប់រំនៃរឿងនេះ គឺថាកុំព្យាយាមបំផ្លាញរុស្ស៉ី។ រុស្ស៉ីមិនត្រូវបានបំផ្លាញទេ។ អ្នកអាចខាំបំបែកដោយធ្មេញ ប៉ុន្តែវានឹងធ្វើឲ្យអ្នកឆ្លាក់បំពង់កមិនខាន»។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន សម្រេចលាលែងពីតំណែងប្រធានគណបក្យអភរិក្សនិយម នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរូបលោក បានបាត់បង់សំឡេងគាំទ្រពីសំណាក់គណៈរដ្ឋមន្រ្តី មន្រ្តី និងសមាជិកសភាជាច្រើនរូប ប៉ុន្តែរូបលោកនឹងនៅបន្តកាន់តំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្នសិន៕