(ហែលស៉ិនគី)៖ សភារបស់ប្រទេសហ្វាំងឡង់ នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ដើម្បីពង្រឹងសន្តិសុខ នៅឯតំបន់ព្រំដែនជាមួយរុស្ស៉ី ដែលនឹងអនុញ្ញាតឲ្យមានការសាងសង់រនាំងខណ្ឌចែកព្រំប្រទល់ ព្រមទាំងការបិទព្រំដែនចម្ងាយ ១,៣០០គីឡូម៉ែត្រនោះ ចំពោះក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងករណីពិសេស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីព្រាងច្បាប់ខាងលើ ស្របពេលដែលវាមានភាពចម្រូងចម្រាសជាមួយ បទបញ្ញត្តិនៃសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុបនោះ គឺត្រូវបានអនុម័តដោយ ការគាំទ្រក្នុងសំឡេងភាគច្រើនលើសលប់ ដែលនឹងអនុញ្ញាតឱ្យសភាហ្វាំងឡង់ អាចពន្លឿនការចេញច្បាប់បានឆាប់រហ័ស ចំពោះមុខការព្រួយបារម្ភថារុស្ស៉ី អាចនឹងសងសឹកលើការស្នើចូលជា សមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) របស់ហ្វាំងឡង់។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលហ្វាំង អាចសម្រេចចិត្តសាងសាង់របង ឬរនាំងផ្សេងទៀត នៅជិតព្រំដែនជាមួយរុស្ស៉ី ហើយបង្វែរពាក្យស្នើសុំសិទ្ធិជ្រកកោនទាំងអស់ ទៅកាន់ច្រកព្រំដែនតែមួយ ឬច្រើន ដូចជាព្រលានយន្តហោះជាដើម៕