(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអង្គការ NATO បានបំផ្លាញសន្តិភាពរបស់ពិភពលោក តាមរយៈការបង្កើតឱ្យមានជម្លោះ និងការបំផ្ទុះសង្រ្គាម ដើម្បីបម្រើផលប្រយោជន៍អត្មានិយមរបស់វ៉ាស៉ីនតោន ក្រោមការលះបង់នៃជីវិតជនស្លូតត្រង់ នៅជុំវិញសកលលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា «ប្រវត្តិសាស្រ្តរបស់ NATO គឺជាប្រវត្តិសាស្រ្តពោរពេញដោយ ការបង្កើតឱ្យមានបញ្ហាជម្លោះ និងបង្កសង្រ្គាមលើអ្នកដទៃ ដែលបានបណ្តាលជនស្លូតត្រង់ ត្រូវបាត់បង់ជីវិត សូម្បីតែមកទល់សព្វថ្ងៃនេះ»។
លោក Zhao បានបន្តថា «ការពិតជាក់ស្តែងបានបង្ហាញឱ្យឃើញថា វាមិនមែនចិនទេ ដែលបង្កការគំរាមកំហែងជាប្រព័ន្ធចំពោះ NATO ហើយផ្ទុយទៅវិញនោះ គឺ NATO ខ្លួនឯងទេ ដែលបង្កបញ្ហាប្រឈមជាប្រព័ន្ធ ចំពោះសន្តិភាពនិងសន្តិសុខរបស់ពិភពលោក»។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យចិនរូបនេះ កើតមានបន្ទាប់ពីមួយសប្តាហ៍មុន NATO បានប្រកាសចាត់ទុកប្រទេសចិន ជាអាទិភាពយុទ្ធសាស្រ្ត និងជាបញ្ហាប្រឈមចំពោះ ផលប្រយោជន៍របស់លោកខាងលិច ជាលើកដំបូងបំផុត។ ភាពតានតឹងរវាងចិន និង NATO បានកើនឡើងជាខ្លាំង ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែនមក។ ទីក្រុងប៉េកាំង ពុំបានចូលរួមក្នុងការព្រួតដាក់ទណ្ឌកម្ម ដែលដឹកនាំដោយអាមេរិក ប្រឆាំងនឹងរុស្ស៉ីជុំវិញវិបត្តិនេះឡើយ ហើយថែមទាំងបានបន្ទោសថា តាមពិត NATO គឺជាដើមចម ដែលបណ្តាលឱ្យផ្ទុះ សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន៕